រដ្ឋបាលខេត្តបន្ទាយមានជ័យផ្សព្វផ្សាយស្ដីពីនីតិវិធី និងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាព​ផ្តល់សេវាសាធារណៈគំរូ​ក្នុងវិស័យអប់រំ

បន្ទាយមានជ័យ៖ សិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី និងវិធីសាស្រ្តនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់​សេវា​សាធារណៈគំរូក្នុងវិស័យអប់រំ និង​ផ្សព្វផ្សាយវគ្គជំនាញខ្លីៗរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តបានប្រារព្ធឡើងកាលពីថ្ងៃទី២១ ខែឧសភា នៅសាលាបឋមសិក្សាជប់វ៉ាក្រោម​អធិបតីភាព​លោក យឹម សំណាង អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយ​មានជ័យ ព្រមទាំងនាយក នាយិកា សាលាបឋមសិក្សា និង អនុវិទ្យាល័យ ទូទាំង​ស្រុកព្រះ​នេត្រព្រះ ។

ក្នុងឱកាសនេះលោកអភិបាលរងខេត្ត ផ្ដាំផ្ញើដល់នាយក នាយិកា សាលាបឋម​សិក្សា និង អនុវិទ្យាល័យ ទូទាំងស្រុក​ព្រះនេត្រព្រះ ធ្វើយ៉ាងណាឱ្យសាលា​នីមួយៗត្រូវមានសាមគ្គីផ្ទៃក្នុង។ប្រកាន់នូវគោលការណ៍ស្តង់ដាតែមួយ ដោយ​ផ្អែកតាម​អនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្តីពីការវាយតម្លៃ និងការទទួលស្គាល់អង្គការ​ផ្ដល់សេវា​សាធារណៈគំរូក្នុងវិស័យ បានដាក់ឲ្យដំណើរការនៃការវាយតម្លៃ និងទទួលស្គាល់ អ.ផ.ស.គំរូ ក្នុងកម្រិត ឬប្រភេទណាមួយ​ក្នុងវិស័យអប់រំ ត្រូវសម្រេចដោយប្រកាសអន្តរក្រសួង​រវាង​ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ក្រសួង​អប់រំយុវជន និងកីឡា។

លោកស្រី ហម សុភី អភិបាលរងស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ស្រុកព្រះ​នេត្រព្រះ មាន​សាលាមត្តេយ្យសិក្សាដាច់​ចំនួនមួយសាលា និងមត្តេយ្យសិក្សា​ក្នុងសាលាបឋមសិក្សា ៤៧សាលា ស្មើ ៦៩បន្ទប់និង ៦៩ថ្នាក់, មានសិស្ស ២ ៤៧៣នាក់ (ស្រី១ ២០២នាក់) និងបុគ្គលិក ៧០នាក់។ សាលាបឋមសិក្សាមាន​ចំនួន ៦៣សាលា ,មាន​៣៤១ បន្ទប់ និង៤៥១ ថ្នាក់,សិស្សសរុប១៣ ៤៦៦នាក់ (ស្រី៦ ៥៥៤នាក់),បុគ្គលិកសិក្សា ៤៨១នាក់ (ស្រី២៤៥នាក់)។ ដោយឡែកអនុវិទ្យាល័យ និងវិទ្យាល័យ មានចំនួន១០សាលា ,មាន១៣៤បន្ទប់​និង​១៣៦ថ្នាក់ ,សិស្សសរុប៦ ១៣០នាក់ (ស្រី៣ ៥៤០នាក់)និងបុគ្គលិកសរុប​២៥៩នាក់ (ស្រី៩៨នាក់)៕
ដោយ៖ឃិន គន្ធា

ads banner