ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ ស្រ្តីជាម្ដាយជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ទទួលផលពីកម្មវិធីរបស់រាជរដ្ឋាភិបាលគិតត្រឹម៤ខែដើមឆ្នាំនេះ

(ព្រះសីហនុ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ទទួលបានផលប្រយោជន៍ពីកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ខណៈខេត្តព្រះសីហនុបានចំណាយថវិកាអស់ប្រមាណ ៧,៦ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួន ១០ ២៧០នាក់ និងកូនចំនួន ១០ ២៤២នាក់។

នេះគឺជាការគូសបញ្ជាក់ដែលឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង ៣ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖«បច្ចុប្បន្នក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ឱ្យដំណើរការផ្ទាល់ចុះបញ្ជីសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកតាមទូរសព្ទដៃ កុំព្យូទ័រ និងតាមរយៈបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងផងដែរ។ ដោយមានស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ទទួលបានផលប្រយោជន៍ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ មុនពេលសម្រាលកូន និងក្រោយពេលសម្រាលកូនរហូតដល់កូនអាយុ ២ឆ្នាំចំនួន ១៤លើក ដោយមួយលើកទទួលបានថវិកាចំនួន ៨ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាលកូនចំនួន ៨០ម៉ឺនរៀល ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារករួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កូនចៅបងប្អូនកម្មករនិយោជិត។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ដោយគិតត្រឹមខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ប្រមាណ ៣៣២ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួនជាង ៦៤ម៉ឺននាក់ និងកូនជាង ៦៦ម៉ឺននាក់ ក្នុងនោះនៅខេត្តព្រះសីហនុ បានចំណាយថវិកាអស់ប្រមាណ ៧,៦ពាន់លានរៀល ដោយមានស្ត្រីជាម្តាយចំនួន ១០ ២៧០នាក់ និងកូនចំនួន ១០ ២៤២នាក់បានទទួលផលពីកម្មវិធីនេះ។

នៅខេត្តព្រះសីហនុ ប.ស.ស. បានចុះបញ្ជីសមាជិកតាមរបបភាគទានជាកាតព្វកិច្ច និងតាមរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិកនៃ ប.ស.ស. បានចំនួនសរុបប្រមាណ ៩,៨ម៉ឺននាក់ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ចំនួន ៦ ៥៨៤នាក់ (ស្រី ៤ ១៩៩នាក់) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ២ ៦១៨នាក់ (ស្រី ១ ៥២៤នាក់)។

គួរបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពតាមរយៈរបបភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. បានចំនួនសរុបប្រមាណ ៦៩ម៉ឺននាក់។ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ប្រមាណ ៥០,៤ម៉ឺននាក់ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ប្រមាណ ១៨,៦ម៉ឺននាក់ ដែលធ្វើឱ្យសមាជិក ប.ស.ស. សរុប បានកើនឡើនដល់ប្រមាណ ៣,១លាននាក់៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner