ព្រះមហាក្សត្រ កោតសរសើរ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារស្នូលរបស់ខ្លួនយ៉ាងសកម្ម និងប្រកបដោយថាមពលខ្លាំងក្លា រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន

(ភ្នំពេញ)៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។

នៅក្នុងឱកាសនោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើព្រះរាជសារជូនអង្គរដ្ឋសភា ដោយបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់រដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបំពេញការងារស្នូលរបស់ខ្លួនយ៉ាងសកម្ម និងប្រកបដោយថាមពលខ្លាំងក្លា ហើយសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ។

ព្រះរាជសារ បន្តថា ក្នុងអំឡុងចន្លោះសម័យប្រជុំរដ្ឋសភាកន្លងមកនេះ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានារដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានចុះបំពេញការងារយ៉ាងសកម្មនៅតាមមណ្ឌល រាជធានី ខេត្តនៅទូទាំងប្រទេស ដើម្បីស្វែងយល់អំពីស្ថានភាពជាក់ស្តែងមានជាអាទិ៍អំពីវឌ្ឍនភាព តម្រូវការ បញ្ហាប្រឈម និងក្តីកង្វល់នានារបស់ប្រជារាស្ត្រ និងបានជួយអន្តរាគមន៍ ដោះស្រាយបញ្ហា ប្រឈម និងសំណូមពរ ជូនដល់ប្រជារាស្ត្រ បានយ៉ាងច្រើនគួរកោតសរសើរ។ បន្ថែមពីនេះ គណៈកម្មការនានារបស់រដ្ឋសភាក៏បានប្រជុំពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់សំខាន់ៗនានា ដែលស្នើឡើងដោយរាជរដ្ឋាភិបាលនឹងត្រូវអនុម័តក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ក្នុងពេលខាងមុខ ផ្ដល់នូវក្របខ័ណ្ឌច្បាប់ជាមូលដ្ឋាន សំដៅបម្រើជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រ។

ជាមួយគ្នានេះ រដ្ឋសភាក៏បានបំពេញការងារការទូតសភាយ៉ាងសកម្ម និងផុលផុស ដោយ បានទទួលជួបពិភាក្សា ការងារទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់នៃសភា និងរដ្ឋាភិបាលនៃប្រទេស ជាមិត្ត ព្រមទាំងជាមួយអង្គទូតប្រចាំកម្ពុជា អង្គការជាតិនិងអន្តរជាតិនានា និងបានចូលរួមកិច្ចប្រជុំ អន្តរសភាថ្នាក់តំបន់ និងអន្តរជាតិ ដោយបានលើកកម្ពស់កិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិក៏ដូចជាបង្ហាញពីតួនាទីដ៏សំខាន់របស់សភាកម្ពុជាក្នុងការរួមចំណែកដ៏មានតម្លៃដល់ការថែរក្សា សន្តិភាព ការអភិវឌ្ឍ និងវិបុលភាព ក្នុងតំបន់ និងសកលលោក ។

អាស្រ័យដោយមូលដ្ឋានច្បាប់ដែលស្ថាប័ននីតិប្បញ្ញត្តិបានកសាងឡើង រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តធានាថែរក្សា ការពារបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ធានាដល់ការរស់នៅរបស់ប្រជារាស្ត្រប្រកបដោយភាពសុខដុមរមនា ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា មានព្រះរាជអង្គការបន្ថែមថា សូមចូលរួមអបអរសាទរចំពោះសា្ថប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការជំរុញការអនុវត្តច្បាប់ កម្មវិធីនយោបាយ និងយុទ្ធសាស្ត អភិវឌ្ឍជាតិ ក្នុងស្មារតីកសាង និងអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនប្រសើរ ឡើងជាលំដាប់ ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ដោយបន្តជំរុញការធ្វើសមាហរណកម្ម និងពិពិធកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងសកល ជាពិសេសលើ វិស័យកសិ-ឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ បច្ចេកវិទ្យា នវានុវត្តន៍ និងអភិវឌ្ឍន៍ជនបទ។

សូមជម្រាបថារបៀបវារៈក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ មានចំនួន២៩ ។ បន្ទាប់ពីស្តាប់ ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ និង របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភា ចម្លោះសម័យប្រជុំរដ្ឋសភាលើកទី៣ និងលើកទី៤ នីតិកាលទី៧ រួចមកអង្គរដ្ឋសភា និងធ្វើការពិភាក្សាសេចក្តីព្រាងច្បាប់ ដែលមានក្នុងរបៀបវារៈម្តងមួយៗ តាមនីតិវិធី ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner