មហាជនបន្តចូលរួមសម្អាតសំរាម និង សំណល់ប្លាស្ទិកដើម្បីឆ្ពោះទៅភាពស្អាតរបស់សង្គមកម្ពុជា

(ភ្នំពេញ)៖ ប្រធានប្រតិបត្តិសមាគមកសិករដើម្បីអភិវឌ្ឍន៍ជីវភាព លោក ស៊ុម ម៉ាណែត បានសហការ និងចូលរួមជាមួយរដ្ឋបាលស្រុកត្រាំកក់ ការិយាល័យកសិកម្ម និងបរិស្ថានស្រុកត្រាំកក់ បានធ្វើយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ«ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅលើបណ្តោយផ្លូវជាតិលេខ៣ ខេត្តតាកែវ។

ក្រសួងបរិស្ថានបានឱ្យដឹងថាការសម្អាតនេះបានសរុបប្រវែង៥គីឡូម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ៦៦ ដល់គីឡូម៉ែត្រលេខ៧៣ និងប្រមូលបានសំរាមបានប្រមាណជា២តោន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបណ្តាអង្គការក្រៅរដ្ឋាភិបាល សមាគម និងបណ្តាអង្គការសង្គមស៊ីវិល ផ្នែកឯកជន ដែលបានពង្រឹងសាមគ្គីភាព ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងនៅរាជធានីភ្នំពេញ និងខេត្តនានាទូទាំងប្រទេស រួមជាមួយប្រជាពលរដ្ឋ ជំរុញសកម្មភាពសម្អាតសំរាម និងសំណល់ប្លាស្ទិក នៅតាមមូលដ្ឋាន តាមទីសាធារណៈនានា និងតាមដងផ្លូវ ឈានឆ្ពោះទៅកម្ពុជា មានភាពស្អាត ការរស់នៅរបស់មហាគ្រួសារខ្មែរមានសុខភាពល្អ និងភាពសុខដុមរមនារបស់សង្គមកម្ពុជា ជានិច្ចនិរន្តរ៍។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា យុទ្ធនាការនានា ដែលក្រសួងបរិស្ថាន បានដាក់ចេញម្តងមួយជំហានៗ មានភាពច្បាស់លាស់ និងបានបណ្តុះគំនិតឱ្យស្រឡាញ់បរិស្ថាន និងបានបង្កើតភាពស្អាត ភាពបៃតង និងចីរភាព ដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។ មហាជនបានចូលរួមគាំទ្រ និងអនុវត្តសម្អាតសំរាម និងសំណល់ប្លាស្ទិកជារៀងរាល់ថ្ងៃ ជំរុញឱ្យមានការចូលរួម រក្សាបាននូវសុខមាលភាពប្រជាពលរដ្ឋ ការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner