អូស្ត្រាលីជិត ៥ម៉ឺននាក់រងផលប៉ះពាល់ពីទឹកជំនន់ដ៏អាក្រក់

កង់បេរ៉ា ៖ ទឹកជំនន់ដ៏អាក្រក់បង្កឡើងពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនអូស្ត្រាលីជិត ៥០.០០០នាក់ នៅក្នុងរដ្ឋ New South Wales។

តំបន់ឆ្នេរភាគខាងជើង និងតំបន់ជុំវិញនោះ បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងរយៈពេលបួនថ្ងៃជាប់ៗគ្នា បង្កជាគ្រោះទឹកជំនន់រហូតបំបែកកំណត់ត្រា។

ជាការឆ្លើយតប អាជ្ញាធររដ្ឋនេះ បានចេញការព្រមានអំពីទឹកជំនន់ចំនួន ១០៩លើក និងបានបញ្ជាឱ្យមានការជម្លៀសមនុស្សនៅទូទាំងតំបន់ដែលរងផលប៉ះពាល់ និងបានបើកមជ្ឈមណ្ឌលចាំទទួលជនភៀសខ្លួន។

បើតាមសេវាសង្គ្រោះបន្ទាន់ មនុស្សជាង ៤៨.៨០០នាក់ និងលំនៅដ្ឋានចំនួន ២៣.២០០កន្លែង បានរងផលប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងតំបន់ Mid North Coast មានចម្ងាយជាង ២០០គីឡូម៉ែត្រភាគឦសាននៃទីក្រុងស៊ីដនី។

ទន្ទឹមគ្នានេះ ក្រុមសេវាសង្គ្រោះបន្ទាន់បានចេញប្រតិបត្តិការជួយសង្គ្រោះទឹកជំនន់ជាង ៤០០លើក ក្នុងនោះមានទាំងឧទ្ធម្ភាគចក្រ និងទូក ត្រូវបានដាក់ពង្រាយដើម្បីជួយមនុស្សដែលជាប់គាំង ខណៈកងកម្លាំងការពារអូស្ត្រាលី (ADF) ក៏ជួយជម្លៀសមនុស្សតាមផ្លូវអាកាសផងដែរ។

ទោះបីជាយ៉ាងណា អ្នកឧតុនិយមអូស្ត្រាលីបានព្រមានថា ទឹកជំនន់ដ៏អាក្រក់បំផុតមិនទាន់មកដល់សម្រាប់តំបន់ជាច្រើនផ្សេងទៀតនៅឡើយទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner