ទោះជាផ្លូវក្រាលល្បាយថ្មភ្នំក៏ដោយ តែនឹងជួយកែប្រែជីវភាពអ្នកសំពៅលូន

 បាត់ដំបង៖ផ្លូវក្រាលល្បាយថ្មភ្នំមួយខ្សែប្រវែងជាង១២ គីឡូម៉ែត្រព្រមទាំង​សំណង់សិល្បការមួយចំនួនអមហេដ្ឋា​រចនា​សម័្ពន្ធផ្លូវជនបទ នៅភូមិថ្លុកសង្កែ និងភូមិអូក្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបងបានទទួល​ការវាយតម្លៃ​ពីគុណភាព ការងារសាងសង់ ស្តារឡើងវិញ និងលើកកម្រិតផ្លូវពី​ក្រសួងអភិវឌ្ឍន៍ជនបទ។ មន្រ្តីនិងប្រជាពលរដ្ឋបាន​អះអាង​ថា ផ្លូវមួយខ្សែបានរួម​ចំណែកយ៉ាងសំខាន់ដល់ការរស់នៅ និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានអនុវត្តការសាងសង់ស្តារឡើងវិញ និងលើកកម្រិត​ផ្លូវជនបទ​ព្រមទាំង​សំណង់​​​សិល្បការ នូវផ្លូវមួយខ្សែស្ថិត​ក្នុង​ភូមិថ្លុកសង្កែ និងភូមិអូក្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន។ជាផ្លូវ​ក្រាល​ល្បាយថ្មភ្នំ ប្រវែង១២ ៦០០ម៉ែត្រ,ទទឹង ៥ម៉ែត្រ, កម្រាស់០,១៥ម៉ែត្រ និងសំណង់សិល្បការមានលូមូលមួយជួរ ចំនួន ៥កន្លែង និងលូមូលពីរជួរ​ចំនួន២កន្លែង។ផ្លូវនេះប្រើប្រាស់ថវិការាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍​ជនបទ ។

នៅដើមសប្ដាហ៍នេះឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទព្រមទាំងមន្ត្រីជំនាញ​អន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធព្រមទាំងលោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្ត​បាត់ដំបង បានអញ្ជើញត្រួតពិនិត្យផ្ទៀងផ្ទាត់វាយតម្លៃពីគុណភាពការងារនៃការ​ដ្ឋានមួយនេះ ។គណៈប្រតិភូបានទទួល​ស្គាល់លទ្ធផលការងារ។

ក្នុងឱកាសពិនិត្យផ្ទាល់ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ក្រសួង បានចាត់​ទុកការស្តារផ្លូវជនបទ ជាសរសៃឈាម​សេដ្ឋកិច្ច នឹងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេស។រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏មុតស្រួចរបស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំក្នុងការ​ថែរក្សា​កេរ្តិ៍តំណែល ជាប្រវត្តិសាស្ត្រពីរាជរដ្ឋាភិបាលនីតិកាលកន្លងមក។ជាពិសេស ក្នុងការខិតខំការពារ សុខសន្តិភាព និងស្ថិរភាពនយោបាយប្រកប​ដោយ​បញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែននិងឥស្សរជនស្នេហាជាតិ​ជា​ច្រើនរូបទៀត។

មានផ្លូវនេះហើយ ឯកឧត្តមតំណាងរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានផ្តាំ​ផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជន​បទខេត្ត បន្តតាមដានគ្រប់ស្ថានភាព​ផ្លូវជន​បទ​ក្នុងខេត្ត ពិសេសត្រូវមានវិធានក្នុងការទប់ស្កាត់ការប្រើប្រាស់ផ្លូវជនបទ មិនបាន​​ត្រឹមត្រូវ ដោយការដឹកហួសពីកម្រិតកំណត់នៃស្ថានភាពផ្លូវ។ ត្រូវធ្វើការ​ផ្សព្វផ្សាយ ដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ឱ្យ​បង្កើនការចូលរួមជួយថែរក្សាការពារ ថែទាំផ្លូវជនបទ ដើម្បីប្រើប្រាស់បានយូរអង្វែង៕
អត្ថបទ-រូបភាព ៖ អ៊ុក សំអាន ប.ប

ads banner