កម្ពុជា កំពុងគិតគូរកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ទាំងផ្លូវគោក និងផ្លូវទឹក ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញ
(ព្រះសីហនុ)៖ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងគិតគូពីការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បន្ថែមទៀត ដូចជា ផ្លូវគោគ និងផ្លូវទឹក មកកាន់ខេត្តព្រះសីហនុ ដើម្បីបម្រើដល់ការដឹកជញ្ជូនទំនិញ ។ នេះជាការគូសបញ្ជាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន ២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រមាណ ៣២ ០០០នាក់ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ។
សម្តេចធិបតី មានប្រសាសន៍ថា ខេត្តព្រះសីហនុ គឺជាតំបន់សេដ្ឋកិច្ចមួយយ៉ាងសំខាន់ និងជាប៉ូលសេដ្ឋកិច្ចទី២ នៅកម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ ហើយការទទួលបានកំណើនវិនិយោគជាបន្តបន្ទាប់ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺបានចូលចំណែកពង្រឹងនូវសេដ្ឋកិច្ចខេត្ត ខណៈរដ្ឋាភិបាល នឹងគិតគូរកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ទាំងផ្លូវទឹក ផ្លូវគោកបន្ថែមទៀតផងដែរ ។
សម្តេច បញ្ជាក់ថា ឥលូវយើងកំពុងតែតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បន្ថែម តាមរយៈការពង្រឹងផ្លូវដែក ការជីកព្រែកហ្វូណន ការធ្វើផ្លូវជាតិ៤៨ ផ្លូវជាតិលេខ១០ ភ្ជាប់ទៅប៉ូលទី៥ ការរៀបចំផែនការមេ ជំរុញខេត្តជាប់សមុទ្រ ជាពិសេសខេត្តព្រះសីហនុ ហើយការពង្រឹងកំពង់ផែរបស់យើងដែលធ្វើយ៉ាងណាឱ្យកប៉ាល់ជាច្រើនដឹកជញ្ជូនចូលមកកម្ពុជាតែម្តង កាត់បន្ថយថ្លៃដឹកជញ្ជូន ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងដែរថា កាលពីពេលថ្មីៗនេះ ក៏មាននាវាដឹកទំនិញមួយគ្រឿង បានធ្វើដំណើរត្រង់ពីចិន មកកំពងផែកម្ពុជា ដោយមិនចាំបាច់ ឆ្លងកាត់កំពង់ផែប្រទេសក្នុងតំបន់ដូចមុន បន្ទាប់ពីកំពង់ផែក្រុងព្រះសីហនុ បានកែលម្អរួច ។
សម្តេចធិបតី បានលើកឡើងថា បច្ចុប្បន្ននេះ ខេត្តព្រះសីហនុ មានចំនួនរោងចក្រសហគ្រាស បានកើនឡើងពី ៦៩សហគ្រាស ជាមួយកម្មករនិយោជិត ១០,៦១៩ នៅឆ្នាំ២០០៨ រហូតដល់ ៣,៨៣៣ សហគ្រាស ជាមួយកម្មករនិយោជិត ១១៥,៨៥៤នាក់ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ដោយទទួលបានប្រាក់ឈ្នួលមធ្យមសរុប ប្រមាណ ៣៥៩លានដុល្លារ ក្នុង១ឆ្នាំ។ ដោយឡែក សម្រាប់តំបន់សេដ្ឋកិច្ចពិសេសទាំង៥ នៅខេត្តព្រះសីហនុ មានរោងចក សហគ្រាស សរុបចំនួន ៣២៧សហគ្រាស មានកម្មករនិយោជិតចំនួន ៤៦,៧៥០នាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១៥០លានដុល្លារ ក្នុង១ឆ្នាំ ៕





អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ