នាយករដ្ឋមន្ត្រី ៖ កម្ពុជា មិនរើសអើងការវិនិយោគរបស់ប្រទេសណានោះទេ គឺយកទាំងអស់ដើម្បីជីវភាពពលរដ្ឋ

(ខេត្តព្រះសីហនុ)៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជា មិនបានរើសអើងការវិនិយោគរបស់ប្រទេសណានោះទេ ពោល គឺស្វាគមន៍អ្នកវិនិយោគពីគ្រប់ប្រទេសទាំងអស់ ដើម្បីយកមកជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ។

ថ្លែងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រមាណ ៣២០០០នាក់ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងថា កន្លងមក នៅពេលសហរដ្ឋអាមេរិក បានធ្វើការចរចាគ្នារវាងពាណិជ្ជកម្ម គេចោទថា រាជរដ្ឋាភិបាល យកស្ពៃ យកសាច់គោ ។

សម្តេច បញ្ជាក់ថា មិនថាស្ពៃ សាច់គោ បង្គារ បង្កង កំពឹស ផ្លែឈើ កម្ពុជា យកទាំងអស់ អត់មានរើសប្រទេសណានោះទេ ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ពិតណាស់ មានការរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ពិតមែន ប៉ុន្តែក៏មានរោងចក្រមកពីសហរដ្ឋអាមេរិក បារាំង អឺរ៉ុប និងប្រទេសផ្សេងៗមក មានន័យថា កម្ពុជា យកទាំងអស់ មិនរើសអើង និងប្រកាន់ប្រទេសណានោះទេ ។

សម្តេចធិបតី បន្តថា កម្ពុជា មិនរើសអើងនោះទេ តើយើងរើសអើងធ្វើអី បើសិនប្រទេសមហាអំណាច គេមិនរើសអើងគ្នាផង គេធ្វើការជាមួយគ្នា ។ កាលពី ៣អាទិត្យមុន គេចរចាក្តី ឥលូវដល់ពេលគេចរចាបែបត្រជាក់។ អីញ្ចឹងកម្ពុជា មិនមែនរើសអ្នកណា ឬទាត់អ្នកណានោះទេ គឺស្វាគមន៍ទាំងអស់ ។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានអះអាងថា កម្ពុជា ទទួលយកទាំងអស់ មិនរើសអើងអ្នកណានោះទេ ។ ការទទួលយកមកនេះ គឺដើម្បីសេដ្ឋកិច្ចជាតិរបស់កម្ពុជា ការងារ និងជីវភាពរបស់ប្រជាពលរដ្ឋ ។

សម្តេចធិបតី បន្ថែមថា កម្ពុជា ធ្វើការទាក់ទាញវិនិយោគ មិនថា អាមេរិក ចិន ជប៉ុន អឺរ៉ុប និងអ្នកណានោះទេ គឺយើងយកទាំងអស់ អាហារ ផ្លែឈើ ដាក់មកក្នុងខ្លួនយើង ដើម្បីបង្កើតការងារ ជួយជំរុញប្រាក់បៀវវត្សរបស់យើងឱ្យបានច្រើន ដែលនេះជាចំណុចសំខាន់ ហើយសក្ខីភាពជាក់ស្តែង គឺចំនួន ៣ម៉ឺននាក់ កំពុងធ្វើការងារងារនៅទីនេះ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner