កាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះថ្មី២ខ្នង អណ្តូងចំនួន៣ ជាព្រះរាជអំណោយសម្តេចម៉ែ ជូនប្រជានុរាស្ត្រឆ្ងាយដាច់ស្រយាលក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
(ខេត្តឧត្តរមានជ័យ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះចំនួន ២ខ្នង និងអណ្តូងទឹកស្អាតចំនួន៣ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជានុរាស្ត្រ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស, លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង ២ខ្នង ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ និងបានជម្រាបជូនថា «កាកបាទក្រហមកម្ពុជា បានទទួលនូវព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារអាម៉េរិក ដែលជាព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសនៃទិវាខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។
លោកជំទាវអគ្គលេខាធិការ ក៏បានក្រើនរំលឹកពីការគិតគូរចំពោះសុខភាព ការរក្សាអនាម័យ សម្អាតបរិស្ថាន មិនដុតថង់ប្លាស្ទិក ជាពិសេសប្រុងប្រយ័ត្នចំពោះជំងឺមិនឆ្លងដូចជា ជំងឺលើសឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃជាដើម ដែលជំងឺទាំងអស់នេះបណ្តាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក និងអាហារដែលគ្មានសុវត្ថិភាព ឬប្រើជាតិគីមីជាដើម។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ត្រូវ ថែទាំសុខភាពឱ្យបានល្អ ជៀសផុតពីជំងឺទាំងឡាយ ដើម្បីមានសុភមង្គលក្នុងក្រុមគ្រួសារ ក៏ដូចជាកាត់បន្ថយការចំណាយក្នុងការព្យាបាលជំងឺ។
ប្រជាពលរដ្ឋដែលទទួលបានផ្ទះ និងអណ្តូងទឹក មានក្តីរំភើបរីករាយឥតឧបមា ដោយមិននឹកស្មានថាបានទទួលជម្រកស្នាក់នៅសមរម្យ ថែមទាំងទទួលបានអំណោយសម្រាប់សង្កត់ និងទឹកប្រើប្រាស់សម្រាប់អាស្រ័យផលរៀងៗខ្លួនជាដរាបតទៅ តកូនតចៅ ដែលជួយធ្វើឱ្យពួកគាត់កាត់បន្ថយការចំណាយបានយ៉ាងច្រើន ចំណេញពេលវេលា មិនលំបាកក្នុងការស្វែងរកទឹកពីទីឆ្ងាយពីផ្ទះដូចមុនទៀតឡើយ។
សូមជម្រាបជូនថា ក្រៅពីបានធ្វើពិធីប្រគល់-ទទួលផ្ទះនិងអណ្តូងខាងលើនេះ កាកបាទក្រហមកម្ពុជា ក៏បាននាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១១០គ្រួសារ ដែលរស់នៅស្រុកបន្ទាយអំពិល ហេីយដែលគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, អង្ករសុខភាព ២កញ្ចប់ និងថវិកាមួយចំនួន ៕





ដោយ / គ្រី សម្បត្តិ