កងទ័ពរំដោះប្រជាជនចិនរួមចំណែកលើកកម្ពស់គុណភាពសិក្សានៅជនបទ

(កំពង់ឆ្នាំង)៖ កងទ័ពរំដោះប្រជាជនចិនមានកិត្តិយសយ៉ាងខ្លាំងក្នុងការចូលរួមចំណែកគាំទ្រដល់ការអប់រំរបស់កុមារកម្ពុជាដែលជាអនាគតរបស់ជាតិ។ សកម្មភាពនេះបង្ហាញពីចំណងកាន់តែរឹងមាំរួមគ្នានៃទំនាក់ទំនងយូរអង្វែងដែលមិនត្រឹមរវាងកងទ័ពនៃប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្កើនមេត្រីភាពនៃកល្យាណមិត្តរវាងប្រជាជននៃប្រទេសយើងទាំងពីរថែមទៀត។

នេះគឺជាការលើកឡើងរបស់លោក វរសេនីយ៍ឯក​ Chen Yajun តំណាងកងទ័ពរំដោះប្រជាជនចិន កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ តំណាងកងទ័ពរំដោះប្រជាជនចិនដែលបានចូលរួមក្នុងលំហាត់នាគមាសឆ្នាំ២០២៥ បានផ្តួចផ្តើមអនុវត្តសកម្មភាពមនុស្សធម៌​ ដោយប្រគល់សម្ភារសិក្សា សម្ភារកីឡាជាច្រើនប្រភេទ ដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាតាំងខ្មៅ ស្ថិតនៅក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងលើកទឹកចិត្តដល់ការសិក្សារបស់សិស្សានុសិស្សនៅជនបទ ។

លោកស្រី​ ហែម​ សាវេត​ អភិបាលរងស្រុកសាមគ្គីមានជ័យបានមានប្រសាសន៍ថា កងទ័ពរំដោះប្រជាជនចិនមិនត្រឹមតែជាដៃគូសហការផ្នែកយោធាជាមួយកងយុទ្ធពលខេមរភូមិន្ទក្នុងក្របខណ្ឌសមយុទ្ធ«នាគមាស២០២៥»ក្រោមប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូមនុស្សធម៌ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍជនបទ និងការរួមចំណែកលើកកម្ពស់គុណភាពអប់រំដល់សិស្សានុសិស្សកម្ពុជាថែមទៀតផងដែរ។

ក្នុងនាមជាអ្នកសម្របសម្រួលដល់សកម្មភាពមនុស្សធម៌នេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថា «សកម្មភាពនេះជាផ្នែកមួយនៃការលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរ និងបញ្ជាក់ពីកិច្ចសហការល្អរវាងកងទ័ពនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិនផងដែរ»។

លោកបណ្ឌិតបានបន្ថែមថា ក្រោមទម្រដ៏រឹងមាំនៃកិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី សមយុទ្ធ«នាគមាស»ដែលបានរៀបចំជាប្រចាំឆ្នាំរយៈពេល៧ឆ្នាំមកហើយរវាងកងទ័ពប្រទេសយើងទាំងពីរ កម្ពុជានិងចិន មិនត្រឹមជាការបង្កើនទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែរឹងមាំថែមទៀតលើវិស័យយោធាដើម្បីចូលរួមចំណែកថែរក្សាសន្តិសុខក្នុងតំបន់ និងសកលលោកប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាបង្ហាញពីភាពជិតស្និទ្ធ បំណងល្អ និងការចងមិត្តភាពឲ្យកាន់តែរឹងមាំរវាងប្រជាជនកម្ពុជានិងចិនតាមរយៈភក្តីភាពចំពោះសន្តិភាព និងសុភមង្គលសង្គមថែមទៀតផង៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner