សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ រដ្ឋសភាកម្ពុជាត្រៀមសហការជានិច្ច ជាមួយ អគ្គលេខាធិការសន្និសីទប្រធានសភានៃអន្តរសភា ក្នុងការបង្កើតទំនុកចិត្តដើម្បីជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព
(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាត្រៀមសហការជានិច្ចជាមួយអគ្គលេខាធិការរបស់សន្និសីទប្រធានសភានៃអន្តរសភា ដើម្បី ធ្វើយ៉ាងណាឱ្យ កាន់តែសកម្ម ទទួលបានការគាំទ្រ និងចូលរួមកាន់តែច្រើនពីសភានានានៅលើសកលលោក ក្នុងការបង្កើតទំនុកចិត្តដើម្បីជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា កម្ពុជា ជាប្រទេសតូចតែមានបេះដូងធំ ចង់ឱ្យគ្រប់ប្រទេសនៅក្នុងពិភពលោកមានសុខសន្តិភាព ស្ថិរភាពសង្គម ដូចៗគ្នា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍បែបនេះ នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អែក ណាត ដាកាល ( Ek Nath Dhakal) អគ្គលេខាធិការរបស់សន្និសីទប្រធានសភានៃអន្តរសភា (ISC) និងសហការី នៅព្រឹកថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៥ នៅវិមានរដ្ឋសភាក្នុងពេលដែលគណៈប្រតិភូ បំពេញទស្សនកិច្ចនៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍។ សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដែលកម្ពុជាកំពុងទទួលបាននេះ គឺបានមកដោយលំបាកណាស់ បានមកពីការលះបង់និងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់ឥស្សរជនស្នេហាជាតិ ពិសេសការលះបង់ដ៏ធំធេងរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលអគ្គមគុទេសក៍ឯក សន្តិភាព បិតាស្ថាបនិកនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពពេញបរិបូរណ៌ជូនកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បន្តថា ក្នុងគោលបំណងចង់ឱ្យមនសុស្សជាតិនៅលើសកលលោកបានសុខសន្តិភាព និងស្ថិរភាពដូចៗគ្នា នៅក្នុងស្ថានភាពមួយដែលសកលលោកជួបប្រទះបញ្ហាដ៏ស្មុគស្មាញ មានហានិភ័យខ្ពស់ដូចបច្ចុប្បនន្ននេះ ការពង្រឹមសាមគ្គីភាព ការលើកកម្ពស់វប្បធម៌សន្ទនានិងគោលការណ៍ពហុនិយម ដោយឈរលើភាពស្មោះត្រង់ ការទុកចិត្តគ្នា ការបើកចំហរ យកច្បាប់អន្តរជាតិជាធំ ជាការសំខាន់ណាស់ ហើយកម្ពុជាតែងតែចូលរួមនិងគំាទ្រជានិច្ច នៅក្នុងនោះក៏មាន សន្និសីទប្រធានសភានៃអន្តរសភា (ISC) មួយផងដែរ។
ឯកឧត្តម អែក ណាត ដាកាល បានថ្លែងការកោតសរសើរនិងអរគុណយ៉ាងក្រៃលែង ចំពោះការចូលរួមដ៏សកម្មរបស់ គណៈប្រតិភូរដ្ឋសភាកម្ពុជា នៅក្នុងវេទិកា សន្និសីទប្រធានសភានៃអន្តរសភា ក៏ដូចជាកិច្ចប្រជុំកំពូលពិភពលោក២០២៥ កន្លងមកនេះ ។ ជាពិសេសការចែករំលែកនូវទស្សនៈសន្តិភាពទំាង១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ដ៏ជាទីចាប់អារម្មណ៍និងមានសារៈសំខាន់បំផុត ជូនដល់អន្តរជាតិបានដឹង។
ឯកឧត្តមប្រធានគណៈប្រតិភូបានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីបេសកកម្មរបស់វេទិកាសន្និសីទប្រធានសភានៃអន្តរសភា ដែលបច្ចុប្បន្ននេះ បានកំពុងស្វែងរកការគំាទ្រពីបណ្តាប្រទេសនានា ពិសេសការចូលរួមធ្វើជាដៃគូសន្ទរនា ជាមួយវេទិកាអន្តរសភានិងអន្តររដ្ឋាភិបាលនានា នៅក្នុងនោះមានដូចជាអង្គការសហប្រជាជាតិ អន្តរសភាអាស៊ាន (IAPA) និងសហភាពអន្តរសភា (IPU) ជាដើម ៕





ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ