អ៊ុយក្រែន-រុស្ស៊ីដោះដូរអ្នកទោសដ៏ធំមិនធ្លាប់មាន

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ទីក្រុង Kyiv និង Moscow បានអនុវត្ត “ដំណាក់កាលដំបូង” នៃការដោះដូរអ្នកទោសដ៏ធំ មិនធ្លាប់មាន ដោយភាគីទាំងពីរ បានព្រមព្រៀងគ្នា ក្នុងអំឡុងពេលកិច្ចពិភាក្សា នៅទីក្រុង Istanbul ប្រទេសតួកគី ។

កាលពីថ្ងៃសុក្រ ភាគីទាំងពីរ បានទទួលអ្នកទោសគ្នា ទៅវិញទៅមក ចំនួន ៣៩០នាក់ ក្នុងដំណាក់កាលដំបូង ហើយត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរ អ្នកទោស ម្ខាងៗ រហូតដល់ចំនួន ១,០០០នាក់។

អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Alexander Fomin បានបញ្ជាក់ដែរថា ទាហានរុស្ស៊ី ២៧០នាក់ និងជនស៊ីវិល១២០នាក់ ពិតជាត្រូវបានបញ្ជូនត្រឡប់ មកពីអ៊ុយក្រែន ក្នុងដំណាក់កាល ដំបូងនេះ។

រុស្ស៊ីបានផ្តល់សញ្ញាថា លក្ខខណ្ឌសម្រាប់ការដោះស្រាយសន្តិភាពមួយ នឹងត្រូវបង្កើតឡើង តាមការចង់បានរបស់អ៊ុយក្រែន បន្ទាប់ពីការដោះដូរអ្នកទោស ដែលត្រូវបានកំណត់ថា នឹងមានរយៈពេល បីថ្ងៃ។

គួរបញ្ជាក់ថា សត្រូវទាំងពីរបានធ្វើការដោះដូរអ្នកទោស ជាទៀងទាត់ តាំងពីរុស្ស៊ីបានចាប់ផ្តើមការវាយលុក របស់ខ្លួន នៅឆ្នាំ២០២២ ប៉ុន្តែ មិនធ្លាប់មានទំហំធំ បែបនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner