Putinគំរាមបិទក្រុមហ៊ុនលោកខាងលិចនៅសេសសល់
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃច័ន្ទ បានគំរាមថា នឹង “បិទ” ក្រុមហ៊ុនលោកខាងលិច ដែលនៅសេសសល់ ក្នុងប្រទេសរុស្ស៊ី និងដែលកំពុងធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់ខ្លួន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ទីក្រុងម៉ូស្គូ ដើម្បីបង្កើនការអភិវឌ្ឍន៍កម្មវិធី Software ក្នុងស្រុក។
លោកបាននិយាយបែបនេះ នៅឯកិច្ចប្រជុំ ជាមួយសហគ្រិន ដើម្បីទុកជាការឆ្លើយតប ទៅនឹងការអំពាវនាវ របស់អ្នកជំនួញរុស្ស៊ី ដែលចង់ឲ្យទប់ស្កាត់សកម្មភាព របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដូចជា Zoom និង Microsoft ជាដើម ដែលបច្ចុប្បន្ន ផ្តល់សេវាមានកំណត់ នៅក្នុងប្រទេសរុស្ស៊ី។ លោក ពូទីន បានបញ្ជាក់ថា «យើងត្រូវការបិទពួកគេ» តែ លោកមិនបានប្រាប់លម្អិត ពីសកម្មភាពរបស់ក្រុមហ៊ុន ប៉ះប្រយោជន៍រុស្ស៊ីទេ។
ក្រុមហ៊ុនលោកខាងលិចជាច្រើនបានចាកចេញពីប្រទេសរុស្ស៊ី ឬ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់សកម្មភាពរបស់ពួកគេ នៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូ បានបើកការវាយលុក ផ្នែកយោធា របស់ខ្លួន លើអ៊ុយក្រែន ជាមួយនឹងការរងទណ្ឌកម្ម ពីបណ្តាប្រទេសសម្ព័ន្ធ របស់អ៊ុយក្រែន។
តែ ប្រព័ន្ធផ្សព្វផ្សាយ កាន់តែច្រើន បានបង្ហាញថា ក្រុមហ៊ុនមួយចំនួន អាចពិចារណាពីការវិលត្រលប់មកវិញ ចំពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ខិតខំប្រឹងប្រែងដើម្បីកំណត់ទំនាក់ទំនងឡើងវិញ ជាមួយរុស្ស៊ី និងសម្រេចបានសន្តិភាព យ៉ាងឆាប់រហ័ស ក្នុងប្រទេស អ៊ុយក្រែន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត