មានចំណុចពិសេសអ្វីខ្លះទើបខេត្តស្ទឹងត្រែងក្លាយជាម្ចាស់ផ្ទះទី១ រៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក?
ស្ទឹងត្រែង៖ខេត្តស្ទឹងត្រែងដែលជាខេត្តជាប់ដងទន្លេមេគង្គលើ បានធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ ចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រសួងទេសចរណ៍ រួមសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំ “ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១” មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា នៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ប្រភពដដែលគូសរំលេចថា ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិរក្សផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដាទេសចរណ៍ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ អនាម័យបរិស្ថាន សំដៅទាក់ទាញកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។ ទន្ទឹមនេះ ក៏មានការរៀបចំនូវព្រឹត្តិការណ៍ អមសំខាន់ៗមួយចំនួន រួមមាន៖ ១. ពិធីបុណ្យផ្សោតមេគង្គ (ពិធីសូត្រមន្ត) ២. កម្មវិធីអុំទូកកៃយ៉ាក ៣. ការតាំងពិព័រណ៍ផលិតផលសហគមន៍អេកូទេសចរណ៍ និងម្ហូបអាហារប្រចាំតំបន់ ៤. សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈ មហាជន (រត់ម៉ារ៉ាតុន ដើម្បីសប្បុរសធម៌ ប្រណាំងទូកជាដើម) ៥. ការបោះតង់ជំរំទេសចរណ៍នៅលើកោះលន និងកោះទន្សាយ ៦. ទស្សនកិច្ចសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ (ស្តូបប្រវត្តិសាស្ត្របណ្ណាល័យហ្លួងម៉ែ) ៧. ទស្សនកិច្ចទឹកធ្លាក់សុភ័ក្រមិត្ត។
ស្របនឹងព្រឹត្តិការណ៍បែបទេសចរណ៍នឹងប្រារព្ធនៅខេត្តភាគជើងប្រទេសនោះ យើងគួរដឹងដែរថា ខេត្តស្ទឹងត្រែងមានចំណុចទាក់ទាញអ្វីខ្លះ?


ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ខាងជើងទល់នឹងប្រទេសឡាវ។ ក្នុងចំណោមតំបន់ដីសើមទាំង៥កន្លែង ដែលបានដាក់ទៅជាតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ ខេត្តស្ទឹងត្រែងមានមួយកន្លែងដែរ ដែលមានឈ្មោះថាតំបន់រ៉ាមសារស្ទឹងត្រែង ។
ការស្ថិតនៅជាប់ដងទន្លេមេគង្គលើ គឺជាសក្តានុពលទេសចរណ៍ដ៏សំខាន់របស់ខេត្ត ។ភូមិសាស្រ្តនេះអំណោយផលដល់ធនធានធម្មជាតិ មានមច្ឆាជាតិ និងការរៀបចំអុំទូកទេសចរណ៍ បែបទូកកៃយ៉ាកជាដើម។ជាខេត្តដែលមានទំនាក់ទំនងរស់នៅរបស់សត្វផ្សោតដែលជាកម្រលើពិភពលោក រវាងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ ។
ខេត្តស្ទឹងត្រែងរមណីយដ្ឋានចំនួន២១កន្លែង ក្នុងនេះតំបន់ទេសចរណ៍ដែលមានការទាក់ទាញទេសចរច្រើនជាងគេមានចំនួន៧កន្លែង។គឺ១.រមណីយដ្ឋានអូរឬស្សីកណ្តាល, ២. អន្លង់ផ្សោតព្រះរំកិល ,៣. អូរស្វាយសែនជ័យ, ៤. ភ្នំជំរកសត្វ ,៥. សម្រស់កោះហាន ,៦.កោះព្រះ និង៧. ឆ្នេរខ្សាច់សេកុង ។ខេត្តស្ទឹងត្រែងមានកន្លែងបោះតង់តាមឆ្នេរខ្សាច់ដងទន្លេមេគង្គលើ ។ជាការកត់សម្គាល់ ទឹកជ្រោះសុភមិត្រ សហគមន៍អេកូទេសចរណ៍ព្រះរំកិល សហគមន៍អេកូទេសចរណ៍បុរីអូស្វាយ សហគមន៍អេកូទេសចរណ៍អូរឫស្សីកណ្តាល និងរមណីយដ្ឋានកោះខ្សាច់សេកុងជាដើម បាននិងកំពុងទាក់ទាញទេសចរជាតិ និងអន្តរជាតិជាច្រើនឱ្យទៅកំសាន្ត៕
ដោយ៖ឡុង សំបូរ
