ស្ត្រីពីរនាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្តដឹកដីពាក់ស្លាកលេខ.ខ.ម បុកពីក្រោយកិនស្លាប់ម្នាក់ របួសស្រាលម្នាក់
ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌ និងម្នាក់ទៀតបានរងរបួសស្រាល ពេលជិះម៉ូតូឌុបគ្នាទៅធ្វើសក់ផាតមុខនៅផ្សារទួលពង្រ តែអកុសលត្រូវរថយន្តដឹកដីបើកបុកពីក្រោយ នឹងកិនពេញទំហឹង កាលពីវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ បេងតុង ភូមិ ព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពស្ត្រីមានឈ្មោះ រិន ធីតា អាយុ៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ (អ្នកជិះពីក្រោយ ) និងអ្នករបួសឈ្មោះ រិន ស្រីពេជ្រ អាយុ២៨ឆ្នាំ (អ្នកឌុប) អ្នកទាំងពីរមានស្រុកកំណើត ភូមិអញ្ជាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ប្រភពបន្តថា មុនពេលកើតហេតុ អ្នកទាំងពីរបានជិះម៉ូតូឌុបគ្នាចេញពីផ្ទះទៅធ្វើសក់ ដើម្បីចូលរួមមង្គលការប្អូនជីដូនមួយ ពេលកំពុងធ្វើដំណើរដល់ចំណុចកើតហេតុ ក៏មានភ្លៀងធ្លាក់ ពេលនោះមានរថយន្តដឹកដីពាក់ស្លាកលេខខេមរៈភូមិន្ទ 3.3447 បើកបរ ដោយបុរសម្នាក់ក្នុងល្បឿនលឿន ហើយជាន់ហ្វ្រាំងមិនស៊ីក៏ជ្រុលរអិលទៅបុកចំស្ត្រីទាំងពីរនាក់កំពុងជិះម៉ូតូពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់កិនស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ និងម្នាក់ទៀតខ្ទាតទៅម្ខាងរងរបួសស្រាល ចំណែកតៃកុងរថយន្តបង្កបានចុះរត់គេចខ្លួនតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះវាស់វែងអូសយករថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ ចំណែកសពស្ត្រីខាងលើត្រូវបានសមត្ថកិច្ចធ្វើឯកសារប្រគល់ជូនក្រុមគ្រួសារផងដែរ៕ម.ន