បើកម៉ូតូវ៉ាជែងរថយន្ត រអិលដួល ត្រូវរថយន្តដឹកដីបុកកិនស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាល្បឿនលឿនវ៉ាជែងរថយន្តខាងមុខ ក៏រអិលដួល ស្របពេលដែលរថយន្តហ៊ីយ៉ាន់ដាយ យីឌុបដឹកដី បើកស្របទិសហ្វ្រាំងមិនទាន់ កិនស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BT-4228 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ តែជាអកុសល ក៏រអិលដួលដោយខ្លួនឯង ស្របពេលដែលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ យីឌុប ដឹកដី ពណ៌ប្រផេះលឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-0583 អ្នកបើកបរមិនស្គាល់អត្តសញញាណ បើកល្បឿនលឿន ពីត្បូងទៅជើងស្របទិសគ្នា ហ្វ្រាំងមិនទាន់ បានបុកកិនជនរងគ្រោះ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ចំណែកអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ត្រូវបានរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពពងទឹក ដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់សាកសពជូនក្រុមគ្រួសារផងដែរ។ ដោយឡែក រថយន្ត និងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង រង់ចាំដោះស្រាយជាក្រោយ៕ម.ន