ក្រសួងសុខាភិបាលថា អ៊ីស្រាអែលបាញ់រះលើអ្នកមកចាំយកជំនួយនៅហ្គាហ្សា ស្លាប់៣០នាក់

បរទេស៖ ក្រសួងសុខាភិបាល នៅតំបន់ហ្គាហ្សា បានអះអាងថា កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបានបាញ់រះ លើក្រុមអ្នកមកយកជំនួយស្បៀងអាហារ បណ្តាលឲ្យស្លាប់៣០នាក់ របួស១៧០នាក់ ក៏ប៉ុន្តែ អ៊ីស្រាអែលបានបដិសេធ។

ទីភ្នាក់ងារព័ត៌មាន CNA បានចុះផ្សាយ នៅថ្ងៃទី២ ខែមិថុនានេះ ដោយដកស្រង់ប្រភព ពីក្រសួងសុខាភិបាល បញ្ជាក់ថា ហេតុការណ៍បាញ់រះនេះ បានកើតឡើង នៅស្រុក Al-Alam ស្ថិតក្នុងទីក្រុង Rafah ភាគខាងត្បូង ក្បែរនឹងទីកន្លែង ចែកចាយអាហារ។ ក្រសួងបានអះអាងថា ជនស៊ីវិលដែលបាត់បង់ជីវិទាំងនោះ ត្រូវបានបាញ់ចំក្បាល ឬ ទ្រូង។

សាក្សី ឈ្មោះ Reda Abu Jazar បាននិយាយថា ប្អូនប្រុសរបស់នាងត្រូវបានសម្លាប់ ខណៈដែលគេរង់ចាំប្រមូលអាហារ។ នាងបានរៀបរាប់ ដោយទទូចថា «សូមឱ្យពួកគេបញ្ឈប់ការសម្លាប់រង្គាលទាំងនេះ បញ្ឈប់ការប្រល័យពូជសាសន៍នេះ…ពួកគេកំពុងសម្លាប់ពួកយើង»។

រីឯ លោក Philippe Lazzarini ប្រធានទីភ្នាក់ងារសង្គ្រោះប៉ាឡេស្ទីន របស់អង្គការសហប្រជាជាតិ បានថ្កោលទោសការស្លាប់នេះ ហើយបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម X ថា «ការចែកចាយជំនួយ បានក្លាយជាអន្ទាក់មរណៈ»។

យ៉ាងណាមិញ យោធាអ៊ីស្រាអែល បានបដិសេធថា ទាហានរបស់ខ្លួនមិនបានបាញ់ ទៅលើជនស៊ីវិលនោះទេ ហើយ កងទ័ពមានតែជួយសម្របសម្រួល ការផ្តល់ជំនួយ។ ក៏ប៉ុន្តែ កន្លងមក អ៊ីស្រាអែល តែងតែបានចោទក្រុមហាម៉ាស់ថា បានលួចបន្លំ ការផ្គត់ផ្គង់ស្បៀង ពង្រឹងការកាន់កាប់របស់ក្រុមខ្លួន លើតំបន់ហ្គាហ្សា។

បើតាមអង្គការសហប្រជាជាតិ បាននិយាយថា ប្រជាជនភាគច្រើន នៃតំបន់ហ្គាហ្សា សរុប ២លាននាក់ កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស បន្ទាប់ពីការបិទផ្លូវរបស់អ៊ីស្រាអែល រយៈពេល ១១សប្តាហ៍ លើការផ្តល់ជំនួយ។

មូលនិធិមនុស្សធម៌នៅ Gaza បានបើកដំណើរការកន្លែងចែកចាយដំបូង របស់ខ្លួន កាលពីសប្តាហ៍មុន ហើយបាននិយាយថា នឹងបើកដំណើរការ បន្ថែមទៀត៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner