លោកត្រាំចង់ជួបលោកពូទីន និងហ្សេឡែនស្គី នៅតួកគី
បរទេស ៖ លោក Trump ចង់ជួបចរចា ជាមួយលោក ពូទីន និងលោក ហ្សេឡែនស្គី នៅក្នុងប្រទេសទួកគី នេះបើតាមមន្ត្រីសេតវិមាន។
លេខាធិការសារព័ត៌មាន ប្រចាំសេតវិមាន លោកស្រី Karoline Leavitt បាននិយាយ កាលពីថ្ងៃចន្ទថា ប្រធានាធិបតីអាមេរិក លោក Donald Trump បើកចំហចំពោះការអញ្ជើញ របស់សមភាគីតួកគី រៀបចំឱ្យមានកិច្ចចរចាសន្តិភាពត្រីភាគី នៅក្នុងប្រទេសទួលតួកគី ជាមួយមេដឹកនាំរុស្ស៊ី និង អ៊ុយក្រែន។
លោកស្រី Karoline Leavitt បាននិយាយបែបនេះ ទុកជាការឆ្លើយតប នឹងសំណើរបស់ប្រធានាធិបតី តួកគី លោក Recep Tayyip Erdogan។ នៅមុននេះ លោក Erdogan បានស្នើឱ្យមានជំនួប Putin-Zelensky-Trump ក្នុងប្រទេសតួកគី។ លោក បានបញ្ជាក់សាជាថ្មី អំពីឆន្ទៈរបស់លោក ក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំ រវាងមេដឹកនាំអាមេរិក រុស្ស៊ី និងអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាម។
លោកស្រី Karoline Leavitt បានអះអាងថា «ប្រធានាធិបតី បាននិយាយថា គាត់បើកចំហចំពោះជំនួបនេះ គាត់ចង់ឱ្យមេដឹកនាំទាំងពីរនេះ មកតុចរចា ជាមួយគ្នា»។
ការលើកឡើងនេះ បានធ្វើឡើង ស្របពេលដែលមន្ត្រីអ៊ុយក្រែន និងរុស្ស៊ី បានជួបគ្នាជាថ្មី នៅប្រទេសតួកគី កាលពីថ្ងៃចន្ទ។ ប៉ុន្តែ ក្រោយជំនួប លើកទី១ និងមុនពេលជួបគ្នា ជាលើកទី២ ប្រទេសទាំងពីរ បន្តវាយប្រហារគ្នា ជាធម្មតា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
