សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រព័ន្ធគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាអាទិភាពមានចែងក្នុងបញ្ចកោណទី១

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រព័ន្ធគាំពារសង្គម ត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាអាទិភាព ដូចមានចែងក្នុងបញ្ចកោណទី១ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដើម្បី ប្រជុំពិភាក្សាលើប្រធានបទចំនួនបី មានប្រធានបទអំពីប្រព័ន្ធគាំពារសង្គម, ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទអំពីវិស័យកសិកម្ម ។

សេចក្តីប្រកាសព័ត៌មាន បានបន្តថា ការពិភាក្សា និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ៖ ឯកឧត្តម យស ផានីត្តា តំណាងក្រុមជំនួយការគណៈកម្មការសមាជរដ្ឋសភា និងព្រឹទ្ធសភា ទទួលបន្ទុក ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម បានរាយការណ៍ជូនអង្គប្រជុំសមាជ នូវរបាយការណ៍ ស្តីពីការពិនិត្យ និងសិក្សា លើប្រធានបទអំពីប្រព័ន្ធគាំពារសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់បង្ហាញនូវ “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨” ក្នុងនោះ កម្មវិធីគោលនយោបាយនេះបានកំណត់ដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រ គោលនយោបាយចម្បងៗ ជាអាទិភាព គោលនយោបាយអភិវឌ្ឍតាមវិស័យ និងកម្មវិធីគោលនយោបាយអាទិភាព ដែលត្រូវចាប់ផ្តើមអនុវត្ត ពីឆ្នាំ២០២៣តទៅ ដែលជាក្របខណ្ឌសម្រាប់តម្រង់ទិសការងារ របស់រាជរដ្ឋាភិបាលក្នុងការបន្តបំពេញបេសកកម្ម បម្រើជាតិ ព្រមទាំងអនុវត្តតាមការសន្យាជាមួយប្រជាជនកម្ពុជាជាម្ចាស់ឆ្នោត ។

ឈរលើមូលដ្ឋាននៃ “កម្មវិធីនយោបាយ” នេះ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច។ តាមរយៈរបៀបវារៈគោលនយោបាយ សង្គម-សេដ្ឋកិច្ចនេះ ប្រព័ន្ធគាំពារសង្គម ត្រូវបានចាត់ជាអាទិភាពផងដែរ ដូចមានក្នុងបញ្ចកោណទី១៖ ការអភិវឌ្ឍ មូលធនមនុស្ស ផ្នែកទី៤ ស្តីពីការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ក្នុងគោលបំណងធានានិរន្តរភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពបត់បែនដើម្បីឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន និងវិបត្តិនានា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនអង្គសមាជថា ប្រព័ន្ធគាំពារសង្គម ត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាអាទិភាពផងដែរ ដូចមានចែងក្នុងបញ្ចកោណទី១៖ ការអភិវឌ្ឍ មូលធនមនុស្ស ផ្នែកទី៤ ស្តីពីការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ក្នុងគោលបំណងធានានិរន្តរភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារ សង្គមកម្ពុជា ដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពបត់បែនដើម្បីឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន និងវិបត្តិនានា ក៏ដូចជាការវិវឌ្ឍនៃកត្តាសេដ្ឋកិច្ច កត្តាសង្គម និងកត្តាប្រជាសាស្ត្រជាទូទៅ សំដៅ រួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន ។

រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ សម្រាប់ចាប់ផ្តើម អនុវត្តភ្លាម ក្នុងឆ្នាំ២០២៣ ដោយកម្មវិធីគោលនយោបាយចំនួន ៣ មានគោលបំណង បន្តអភិវឌ្ឍប្រព័ន្ធគាំពារ សង្គម រួមមាន៖ (១) ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល (២) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យនៅទូទាំងប្រទេស និង (៣) ការធ្វើស្ថាបនូនីយកម្ម កម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ។

បន្ថែមលើនេះ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ត្រូវបានដាក់ប្រកាស ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សមាជិកអង្គសមាជ បានឡើងមានមតិ ពិភាក្សាលើប្រធានបទអំពីប្រព័ន្ធគាំពារ​សង្គម មានចំនួន ២៤រូប។ បន្ទាប់ពីអង្គសមាជ បានធ្វើការពិភាក្សាលើប្រធានបទ​អំពីប្រព័ន្ធ​គាំពារសង្គម និងការបកស្រាយរបស់រាជរដ្ឋាភិបាល ទៅលើមតិ​ពិភាក្សាដែលអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានលើកឡើងរួចមក អង្គប្រជុំសមាជបានធ្វើការអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ប្រព័ន្ធគាំពារសង្គម ដោយទទួលបានការគាំទ្រចំនួន ១៨១ សំឡេង នៃចំនួនសមាជិក សមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner