សមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភាចំនួន ១៧៨សំឡេង បានអនុម័តសេចក្តីព្រាង សេចក្តីសម្រេចស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ

(ភ្នំពេញ)៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា បានសម្រេចអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន ១៧៨សំឡេង នៃចំនួន សមាជិក សមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដើម្បី ប្រជុំពិភាក្សាលើប្រធានបទចំនួនបី មានប្រធានបទអំពីប្រព័ន្ធគាំពារសង្គម, ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទអំពីវិស័យកសិកម្ម ។

សេចក្តីប្រកាសព័ត៌មាន បានបន្តថា ការពិភាក្សា លើ ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ លោកជំទាវ និន សាផុន តំណាងក្រុមជំនួយការគណៈកម្មការសមាជរដ្ឋសភា និងព្រឹទ្ធសភា ទទួលបន្ទុក ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានរាយការណ៍ជូនអង្គប្រជុំសមាជ នូវរបាយការណ៍ ស្តីពីការពិនិត្យ និងសិក្សា លើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងគោលបំណងកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេច បានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់នឹងវិបត្តិ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលជាកម្មវិធីទី៤ នៃ «កម្មវិធីគោល នយោបាយអាទិភាពចំនួន៦» ក្នុងគោលដៅលើកទឹកចិត្តអ្នកប្រកបមុខរបរ និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ មានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គមផ្លូវការ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញផ្តល់បទអន្តរាគមន៍ជូនអង្គសមាជ ជាយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨នេះ ត្រូវបានដាក់ប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាល ក៏បានបង្កើតគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក.) តាមរយៈអនុក្រឹត្យ លេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដែលមានតួនាទី និង ភារកិច្ចចម្បងក្នុងការសម្របសម្រួលការងារ និងអនុវត្តសកម្មភាពស្របតាមយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ រៀបចំផែនការសកម្មភាពលម្អិត សូចនាករគន្លឹះ ការបែងចែកតួនាទីភារកិច្ច និងវិធានការគន្លឹះ ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនូវការអនុវត្ត។ លើសពីនេះ រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «ផ្ទាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីជាមធ្យោបាយ សម្រាប់កំណត់អត្តសញ្ញាណ ប្រភេទមុខរបរ និងការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចផ្តល់ការគាំទ្រផ្សេងៗ បានទាន់ពេល និងចំគោលដៅ ជាពិសេសក្នុងគ្រាមានវិបត្តិ ។

សមាជិកអង្គសមាជដែលបានឡើងមានមតិ ពិភាក្សាលើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានចំនួន ២២រូប។ បន្ទាប់ពីអង្គសមាជ បានធ្វើការពិភាក្សាលើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួចមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសហការី ធ្វើការបកស្រាយ ទៅលើមតិពិភាក្សាដែលអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានលើកឡើងរួចមក អង្គប្រជុំសមាជ ក៏បានធ្វើការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី សេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដោយទទួលបានការគាំទ្រចំនួន ១៧៨សំឡេង នៃចំនួនសមាជិក សមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner