រដ្ឋមន្ត្រីក្រសួងសុខាភិបាល អរគុណ អង្គការ CHAI ចូលរួមលើកកម្ពស់​វិស័យ​សុខាភិបាល នៅ កម្ពុជា

(ភ្នំពេញ)៖ អង្គការ ឆៃ (CHAI) និងលោកស្រី Soleine Scotney បានលះ​បង់ពេល​វេលា មិនត្រឹមតែជួយកម្ពុជានោះទេ តែបានស្វែងយល់នូវបញ្ហាដែលកម្ពុជាជួបប្រទះ និងបានចូលរួមផ្តល់មតិយោបល់ ព្រមទាំងបានចូលរួមក្នុងការងារជាមួយក្រសួង​សុខាភិបាល ក្នុងបេសកកម្មសំខាន់ៗជាច្រើន ជាពិសេសក្នុងកំឡុងពេល នៃការ​រាតត្បាតនៃជំងឺកូវីដ-១៩។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល នាល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងកម្មវិធីគម្រប់ខួប ២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងអង្គការ CHAI (Clinton Health Access Initiative) ក្នុងបេសកកម្មលើកកម្ពស់វិស័យសុខាភិបាលក្នុង​ប្រទេសកម្ពុជា និងពិធីជូនដំណើរ លោកស្រី Soleine Scotney ដែលបាន​បញ្ចប់​បេសកកម្ម ជានាយិការបស់អង្គការ CHAI ប្រចាំនៅកម្ពុជាអស់រយៈពេល ៥ឆ្នាំ ។

ពិធីនេះប្រារព្ធឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា ដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់ រួមមាន ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនានា អង្គភាពក្រោមឱវាទក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា។

គោលបំណងនៃការរៀបចំកម្មវិធីនេះឡើងគឺ ដើម្បីរំលឹកខួប ២០ឆ្នាំ នៃភាពជាដៃគូ​រវាង​ក្រសួងសុខាភិបាល និងអង្គការ CHAI។ ក្នុងរយៈពេល ២ទស្សវត្យកន្លងមក CHAI បានចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា កិច្ចសហប្រតិបត្តិការរវាង ក្រសួងសុខាភិបាល និងអង្គការ CHAI នេះ បានរីក​ចម្រើនល្អប្រសើរ និងបានចាប់ដៃគ្នា បេ្តជ្ញាចិត្តរួមគ្នាក្នុងប្រតិបត្តិការសំខាន់ៗ រួមមាន ប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺអេដស៍ ពង្រឹងការយកចិត្តទុក​ដាក់លើ​បញ្ហាសុខភាពបន្តពូជ និងមាតា យុទ្ធនាការចាក់ថ្នាំបង្ការ ប្រព័ន្ធអុកស៊ីហ្សែន ពង្រឹង​សេវាមន្ទីរពិសោធន៍ ការការពារជំងឺមិនឆ្លង និងការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាល​ឌីជីថល។

ក្នុងពិធីនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ បានទទួលលិខិតថ្លែងអំណរគុណពី លោក Bill Clinton អតីតប្រធានាធិបតីទី៤២ របស់សហរដ្ឋអាមេរិក ព្រមទាំងជាស្ថាបនិក និងជាប្រធាន Clinton Global Initiative (CGI) តាមរយៈ លោក Joshua Chu នាយកប្រតិបត្តិការអង្គការ CHAI។

ឯកឧត្តម រដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់មហាសេនា ដល់ លោកស្រី Soleine Scotney និងសហការី ២រូប នៃអង្គការ CHAI ដើម្បីជា​ការថ្លៃងអំណរគុណ សម្រាប់ការដឹកនាំដ៏ល្អ របស់លោកស្រី ដែលជាមូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ សម្រាប់កិច្ចសហការជាមួយក្រសួងសុខាភិបាល និងចូលរួមចំណែក​ក្នុង​បេសកកម្មលើកកម្ពស់សុខភាពសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner