រថយន្តពន្លត់អគ្គិភ័យចំនួនបីគ្រឿង ត្រូវបានប្រគល់ជូនប៉ុស្តិ៍​នគរ​បាល​រដ្ឋបាលស្រុកកំពង់សៀម និងស្រុកកោះសូទិន

កំពង់ចាម៖អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅសាលា​ខេត្តកំពង់ចាមកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥​ បានអញ្ជើញ​ប្រគល់ រថយន្តពន្លត់អគ្គិភ័យចំនួនបីគ្រឿង ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងស្រុកកំពង់សៀម និងស្រុក​កោះ​សូទិន នៃស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាមសម្រាប់បំពេញភារកិច្ចឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យ​ទាំង​នេះ ជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តកំពង់ចាម តាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះពីរគ្រឿងប្រគល់ជូនប៉ុស្តិ៍នគរបាល​រដ្ឋបាលកោះរការ និងប៉ុស្តិ៍ រដ្ឋបាលកោះសំរោង នៃអធិការដ្ឋាន​នគរបាល​ស្រុកកំពង់សៀម និងមួយគ្រឿងទៀត ប្រគល់ជូនប៉ុស្តិ៍ នគរបាលរដ្ឋបាល​កោះសូទិន នៃអធិការដ្ឋាននគរបាលស្រុក​កោះ​សូទិន​ ។

លោកវរៈសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យនគរបាលបង្ការ​ពន្លត់អគ្គិភ័យ និង សង្គ្រោះនៃស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាម មានរថយន្តពន្លត់អគ្គិភ័យចំនួន​១៧​គ្រឿង (រថយន្តស្ទូច ១គ្រឿង) ក្នុង​នោះស្នងការដ្ឋាននគបាល​ខេត្ត​ចំនួនបួនគ្រឿង ,អធិការដ្ឋាននគរបាលស្រុកបាធាយ ពីរគ្រឿង ,ស្រុកស្រីសន្ធរពីរគ្រឿង, ស្រុកព្រៃឈរពីរគ្រឿង និងនៅតាមបណ្តា​ក្រុងស្រុកទាំងប្រាំពីរទៀតមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងៗដូចគ្នា។ដោយឡែកថ្ងៃនេះស្នងការដ្ឋានទទួលបានរថយន្តពន្លត់អគ្គិភ័យ​ចំនួនបីគ្រឿងបន្ថែម ៕
ដោយ៖លី ពៅ

ads banner