លោក Trump ថា អាមេរិកមិនអនុញ្ញាតឱ្យអ៊ីរ៉ងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដាច់ខាត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗក្នុងថ្ងៃចន្ទថា សហរដ្ឋអាមេរិកដាច់ខាតនឹងមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នៅក្រោមកិច្ចព្រមព្រៀងថ្មីណាមួយរវាងប្រទេសទាំងពីរ ទោះបីជាទីក្រុងតេហរ៉ង់អះអាងជាច្រើនសារថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិលផលិតថាមពលអគ្គិសនីក៏ដោយ។

លោកប្រធានាធិបតី ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា នៅក្រោមកិច្ចព្រមព្រៀងណាមួយ អាមេរិកនឹងមិនអនុញ្ញាតឱ្យមានការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដាច់ខាត។

មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានឆ្លៀតដិះដៀលដល់អ្នកកាន់តំណែងមុនរបស់លោក គឺលោក ចូ បៃដិន ដោយនិយាយថា គណបក្សប្រជាធិបតេយ្យគួរតែបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់តាំងតែពីយូរមកម្ល៉េះ។

ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺជាចំណុចក្តៅដ៏សំខាន់មួយនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ៥ជុំមកនេះ រវាងអាមេរិក និងអ៊ីរ៉ង់ ចាប់តាំងពីខែមេសាមក ដើម្បីស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ ជំនួសកិច្ចព្រមព្រៀងចាស់ជាមួយមហាអំណាចធំៗដែលលោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញក្នុងអាណត្តិដំបូងរបស់លោក កាលពីឆ្នាំ២០១៨។

ទោះបីជាយ៉ាងណា អ៊ីរ៉ង់តែងតែទទូចជារឿយៗថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិលផលិតថាមពលអគ្គិសនីតែប៉ុណ្ណោះ ហើយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ក៏បានសង្កត់ធ្ងន់ដែរថា ប្រសិនបើមានការរារាំងអ៊ីរ៉ង់ពីសកម្មភាពនុយក្លេអ៊ែរដោយសន្តិវិធី នោះកិច្ចព្រមព្រៀងនឹងមិនអាចសម្រេចបានទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner