រដ្ឋបាលខេត្តកំពង់ធំបន្តជំរុញការចុះបញ្ជីដីធ្លី ដើម្បីកាត់បន្ថយវិវាទ និងភាពក្រីក្រ

កំពង់ធំ៖ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជា​អធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១ ៧៧៣បណ្ណជូនប្រជាពលរដ្ឋចំនួន ៥៤១ គ្រួសារ នៅភូមិនាងល្អ និងភូមិវាលអំពិល ស្ថិតក្នុងឃុំទ្រៀល ស្រុកតាំងគោក ។

ក្នុងកម្មវិធីដែលបានប្រារព្ធកាលពីថ្ងៃទី២ ខែមិថុនា ឯកឧត្តមបាន​បញ្ជាក់ថា ការចុះបញ្ជី និងចែកបណ្ណដីនេះ ជាសមិទ្ធផល​សំខាន់​មួយក្នុងការអនុវត្តគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល។ វាបានជួយពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយវិវាទដីធ្លី បង្កើនទីផ្សារដី និងចំណូលថវិការដ្ឋ តាមរយៈការបង់ពន្ធប្រថាប់ត្រា និងពន្ធអចលនទ្រព្យប្រចាំឆ្នាំ។

ឯកឧត្តមបានស្នើសុំឱ្យអាជ្ញាធរដែនដី សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញ​ការចុះបញ្ជីដីឱ្យ​បានគ្រប​ដណ្តប់​គ្រប់​ភូមិឃុំ នៅតំបន់​ដែលមិនទាន់វាស់វែង។ការចុះបញ្ជីត្រូវធ្វើដោយសហការជាមួយ​ប្រជាពលរដ្ឋ ក្នុងការកំណត់ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹកឱ្យ​បានច្បាស់លាស់ និងដោះស្រាយវិវាទព្រំដីឬការលូតលាស់សិទ្ធិលើដី។មន្ទីរជំនាញ និងអាជ្ញាធរ​មាន​សមត្ថកិច្ចពង្រឹងការងារវាស់វែង និងចុះបញ្ជីដីឱ្យបានចប់នៅទូទាំងខេត្តតាមផែនការរបស់ក្រសួង​រៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់នៅក្នុងឆ្នាំ ២០២៥នេះ៕

ដោយ៖​ប៊ុន​រដ្ឋា

ads banner