ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ រឹបអូសថ្នាំញៀន៤៩កញ្ចប់
កណ្តាល៖ ជនសង្ស័យ២នាក់ម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាន ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនបានធ្វើការដកហូតថ្នាំញៀនចំនួន៤៩កញ្ចប់ ចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួនជាមេក្លោងចែកចាយគ្រឿងញៀនដ៏សកម្មបំផុត។ ហេតុការឃាត់ខ្លួននេះធ្វើឡើងម៉ោងជាង១១ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅភូមិអណូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សៅ វិចិត្រ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងម្នាក់ ជាមេក្លោងចែកចាយបានរត់គេចខ្លួនបាត់ឈ្មោះ សែម វិសាល ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា មុនពេលឃាត់ខ្លួន នគរបាលប៉ុស្តិ៍ទទួលបានដំណឹងថា ជនសង្ស័យបម្រុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន។ ភ្លាមនោះកម្លាំងប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ ប្រទះឃើញម្នាក់ ជាមុខសញ្ញាដែលកម្លាំងនគរបាលកំពុងតាមដាននៅទីនោះ ក៏ឃាត់ខ្លួន។ ដោយមានការ ដឹកនាំបញ្ជាពីលោកស្នងការរងទទួលផ្នែកគ្រឿងញៀន និងមានការណែនាំពីលោកស្នងការខេត្ត និងមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានការចូលរួមពីមេភូមិ កម្លាំងធ្វើការឆែកឆេរលំនៅដ្ឋានជនសង្ស័យឈ្មោះ សែម វិសាល រកឃើញថ្នាំញៀនចំនួន៤៩កញ្ចប់ ដែលជនសង្ស័យលាក់ទុកក្នុងកាបូបស្ពាយ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបាននោះបានសារភាពថា ខ្លួនមកទីនេះគឺ មករកទិញថ្នាំញៀន ដើម្បីយកទៅប្រើប្រាស់ ក្រោយមកក៏នាំខ្លួនជនសង្ស័យរួមវត្ថុតាងបញ្ជូនទៅកាន់ស្នងការដ្ឋានដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ម.ន