ជ្រូកវៀតណាម នៅតែសម្រុកចូលមកលក់នៅកម្ពុជា តាមច្រកព្រែកស្បូវ ក្នុងស្រុកកោះធំ ខេត្តកណ្តាល
កណ្តាល៖ ក្នុងមួយយប់ៗ ជ្រូកវៀតណាម ត្រូវបានដឹកជញ្ជូនឆ្លងដែនចូលមកកាន់ទីផ្សារកម្ពុជាជាច្រើនក្បាល តាមច្រកព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ក្រុមឈ្មួញ បានដឹកជញ្ជូនតាមម៉ូតូជាច្រើនគ្រឿង នៅពេលយប់ចាប់ពីម៉ោង៨ រហូតដល់ជិតភ្លឺទើបឈប់ធ្វើសកម្មភាព។
សកម្មភាពបែបនេះ ធ្វើឲ្យពលរដ្ឋអ្នកចិញ្ចឹមជ្រូកក្នុងស្រុកលើកឡើងថា ទាល់តែមានការត្រូវរ៉ូវគ្នា ក្នុងកំរិតណាមួយជាមួយមន្រ្តីច្រក ទើបអាចធ្វើដំណើរចូលបាន បើមិនដូច្នោះទេ មន្ត្រីប្រចាំនៅទីនោះមិនឲ្យចូលបានឡើយ។ ក្រសួងកសិកម្ម បានចេញបំរាមថា ការនាំចូលជ្រូកពីវៀតណាម ត្រូវហាមជាដាច់ខាតមិនឲ្យកើតមានឡើងនោះទេ។
ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ លោក សំ វណ្ណដា មន្រ្តីមានតួនាទីជាប្រធានច្រកព្រែកស្បូវ បានប្រាប់អង្គភាពព័ត៌មាននៅថ្ងៃនេះថា ជ្រូកវៀតណាមចូលតាមច្រកព្រែកស្បូវ ពិតជាច្រកដែលលោកគ្រប់គ្រងនៅពេលយប់មែន។ លោកថា «វាមានមែន តែបន្តិចបន្តួចនោះទេ ដោយក្រុមឈ្មួញដឹកតាមម៉ូតូកាត់ភូមិ កាត់ស្រែប្រជាជន មកឡើងម្តុំព្រែកសឹងឯណោះ។ ដោយសកម្មភាពឈ្មួញលួចលាក់បែបនេះ និងស្ថានភាពភូមិសាស្ត្រពិបាកផងនោះ ធ្វើឲ្យមន្រ្តីពិបាកក្នុងតាមបង្ក្រាប»។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ លោកនឹងខិតខំយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៀត ចំពោះជ្រូកវៀតណាម ដែលឈ្មួញលួចនាំចូលមកកម្ពុជានេះ។
លោកបានបន្តថា ជ្រូកវៀតណាម ត្រូវបានអភិបាលខេត្ត ចេញលិខិតហាមឃាត់មិនឲ្យមានការនាំចូលជាដាច់ខាត។ កន្លងមក លោកធ្លាប់ដឹកនាំកម្លាំងតាមបង្ក្រាបបាន ដោយឈ្មួញដឹកតាមម៉ូតូរួច នាំមកធ្វើការអប់រំ និងធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពបែបនោះបន្តទៀត។
ប្រជាពលរដ្ឋ បានលើកឡើងថា សត្វជ្រូកត្រូវបានឈ្មួញដឹកជញ្ជូន តាមម៉ូតូចូលមកកាន់ទីផ្សារកម្ពុជា ស្ទើរតែរាល់យប់ចូលតាមច្រកព្រែកស្បូវ។ ជាក់ស្តែងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ម៉ោងប្រហែល ៨យប់ជាង គេឃើញសកម្មភាពម៉ូតូជិត១០គ្រឿង ដឹកជញ្ជូនជ្រូកវៀតណាម ចូលតាមច្រកព្រែកស្បូវ យ៉ាងរំភើយ មិនរំខានដល់មន្ត្រីច្រកឡើយ៕ម.ន