មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញពិនិត្យមើលផលប៉ះពាល់ផ្លូវជនបទចំនួនបីខ្សែនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ឯកឧត្តម លី ណារុន រដ្ឋលេខាធិការនក្រសួង​អភិវឌ្ឍន៍​​ជនបទ និងជានាយករងគម្រោងកែលម្អការ​ត​ភ្ជាប់ផ្លូវ​ជនបទ(RRCIP)រួមដំណើរដោយលោក ឃ្លោក នួយ អភិបាលរង​ខេត្តតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្នុងសប្ដាហ៍នេះបានអញ្ជើញពិនិត្យមើលផលប៉ះពាល់ ផ្លូវជនបទ​ចំនួន៣ខ្សែប្រវែងជាង៦០គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងស្រុកមួយចំនួន ក្នុងខេត្តបន្ទាយមានជ័យ។

មន្រ្តីជំនាញបានបង្ហាញថា គម្រោងផ្លូវទាំងបីខ្សែនេះមាន៖ ទី១.ផ្លូវស្ពាន​ស្រែងពីស្រុកភ្នំស្រុក ដែលមានឃុំទឹកជោរ ឃុំស្ពាន​ស្រែង និងឃុំភ្នំដី ស្រុកព្រះនេតព្រះ មានទទឹង ៨ម៉ែត្រ និងប្រវែង ២៤គីឡូ​ម៉ែត្រ។ ទី២.ខ្សែផ្លូវតាផូ ពីស្រុកភ្នំ​ស្រុក ដែលមាន ឃុំរលួស ឃុំតាផូ ឃុំសារង្គ និងឃុំពន្លៃ ដល់ស្រុកព្រះនេតព្រះ មានទទឹង ៨ម៉ែត្រ និង​ប្រវែង ២៩គីឡូម៉ែត្រនិង ទី៣. ខ្សែផ្លូវរលួស-ភូមិថ្មី ពីស្រុកស្វាយ​ចេក ដល់ស្រុកថ្មពួក ដែលមានឃុំរលួស ឃុំទ្រាស និងឃុំភូមិថ្មី មានទទឹង ៨ម៉ែត្រ និងមាន​ប្រវែង ១៤.១០គីឡូម៉ែត្រ ។

ក្រសួងអភិវឌ្ឍន៍ជនបទបានជ្រើសរើសខ្សែផ្លូវក្នុងខេត្តបន្ទាយមានជ័យចំនួនបីខ្សែ នឹង​ត្រូវកែលម្អ​លើកកម្រិត​គុណភាព​ផ្លូវទៅជាក្រាល​កៅស៊ូពីរ​ជាន់ ឬកម្រាលបេតុងនៅក្នុងឆ្នាំ២០២៦ខាងមុខ ។បច្ចុប្បន្នផ្លូវទាំង ៣ខ្សែ កំពុងស្ថិត​ក្នុង​ដំណាក់​កាលសិក្សាគ្រោងប្លង់ បច្ចេកទេសលម្អិតដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Nippon Koei។

ក្នុងឱកាសនេះឯកឧត្តម លី ណារុន រដ្ឋលេខាធិការនៃក្រសួង​អភិវឌ្ឍន៍​ជនបទ និងជានាយករងគម្រោង កែលម្អការ​តភ្ជាប់ផ្លូវជនបទ បាន​សំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមសហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បីងាយ​ស្រួលដល់​ក្រុមការងារចុះអនុវត្តសាងសង់​ផ្លូវជូន​បានឆាប់រហ័ស៕


ដោយ៖ឃិន គន្ធា

ads banner