ក្រុមហ៊ុនតូតាល់អេនើជី និង ធនាគារ វីង សហការជំរុញកំណើនអាជីវកម្មនៅក្នុងប្រទេសកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនតូតាល់អេនើជី ម៉ាឃីធីង ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពល ទូទាំងពិភពលោក បានចាប់ដៃសហការលើភាពជាដៃគូយុទ្ធសាស្រ្តជាមួយធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដែលនឹងជួយជំរុញកំណើនអាជីវកម្មដៃគូចែកចាយរបស់ក្រុមហ៊ុនតូតាល់អេនើជី នៅទូទាំងប្រទេសកម្ពុជា ។

តាមរយៈកិច្ចសហការនេះ ធនាគារ វីង នឹងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ក៏ដូចជាឥណទានតបតាមតម្រូវការជាក់ស្តែងដើម្បីគាំទ្រនូវកំណើនអាជីវកម្ម និងការពង្រីកដៃគូចែកចាយរបស់ក្រុមហ៊ុនតូតាល់អេនើជី នៅទូទាំងប្រទេសកម្ពុជា ដោយអនុញ្ញាតឱ្យដៃគូចែកចាយទាំងនោះទទួលបានសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ប្រកបដោយទំនុកចិត្តដើម្បីបង្កើនប្រតិបត្តិការអាជីវកម្មឱ្យរីកចម្រើនជាងមុន។

លោកស្រី Dinah Jogia Kumar អគ្គនាយិកា ក្រុមហ៊ុនតូតាល់អេនើជី បានលើកឡើងថា៖ “ដៃគូចែកចាយរបស់យើង គឺជាឆ្អឹងខ្នងក្នុងការជំរុញកំណើនប្រតិបត្តិការអាជីវកម្មរបស់យើងឱ្យរីកលូតលាស់ជាលំដាប់។ ហើយកិច្ចសហការជាមួយធនាគារ វីង នាពេលនេះ គឺដើម្បីធានាថាពួកគាត់មានមធ្យោបាយដ៏ល្អបន្ថែមទៀតដើម្បីឆ្ពោះទៅមុខជាមួយភាពរីកចម្រើន។ តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែន យើងមិនគ្រាន់តែអាចពង្រីកទីតាំងស្ថានីយច្រើនជាងមុនប៉ុណ្ណោះទេ តែក៏នឹងនាំមកនូវភាពរីកចម្រើន និងវឌ្ឍនភាពនៅទូទាំងប្រទេសកម្ពុជាទៀតផង។”

ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ក្រុមហ៊ុនតូតាល់អេនើជី បានពង្រីកបណ្តាញស្ថានីយសេវាកម្មរបស់ខ្លួនពី ១០០ទីតាំង កើនដល់ជាង ១៤០ទីតាំង ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការជំរុញកំណើនអាជីវកម្មរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការដៃគូចែកចាយ ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ ភាពជាដៃគូនេះនឹងជួយឱ្យដៃគូចែកចាយរបស់ក្រុមហ៊ុនតូតាល់អេនើជី ទទួលបាននូវលទ្ធភាពក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ពង្រីកប្រតិបត្តិការ ព្រមទាំងលើកម្ពស់សេវាកម្មឱ្យកាន់តែប្រសើរ។

បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីរីករាយដែលបានសហការជាមួយក្រុមហ៊ុនតូតាល់អេនើជី ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ដែលគាំទ្រដល់ដៃគូចែកចាយរបស់ក្រុមហ៊ុនតូតាល់អេនើជី ដើម្បីជំរុញភាពរីកលូតលាស់អាជីវកម្ម ក៏ដូចជារួមចំណែកអភិវឌ្ឍក្នុងសហគមន៍ផងដែរ។ តាមរយៈការផ្តល់នូវជម្រើសហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការ យើងអាចជួយដល់ដៃគូចែកចាយក្រុមហ៊ុនតូតាល់អេនើជី ទទួលបាននូវឱកាសរីកចម្រើនលាស់ បង្កើតឱកាសការងារ ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងសហគមន៍ឱ្យកាន់តែរឹងមាំ។

តាមរយៈភាពជាដៃគូនេះ ធនាគារ វីង នឹងផ្តល់ជូនដៃគូអាជីវកម្មចែកចាយរបស់ក្រុមហ៊ុនតូតាល់អេនើជី ទាំងអស់ ជាមួយការស្នើទំហំកម្ចីដល់ទៅ ៣លានដុល្លារអាមេរិក ដែលនឹងជួយបំពេញតម្រូវការអាជីវកម្ម និងជំរុញភាពរីកចម្រើនកាន់តែខ្លាំងឡើង។ កម្ចីទាំងនេះផ្តល់ជូនអត្រាការប្រាក់ប្រកួតប្រជែង លក្ខណ្ឌទ្រព្យបញ្ចាំមិនមានភាពស្មុគស្មាញ ហើយការសងត្រលប់ទៀតសោតក៏ផ្តល់ជូននូវភាពបត់បែនសមស្របតាមតម្រូវការអាជីវកម្មទៀតផង។ ហិរញ្ញប្បទាននេះនឹងត្រូវប្រើប្រាស់ដើម្បីជួយដល់ការអភិវឌ្ឍសេវាកម្មថ្មីៗនៅតាមស្ថានីយ៍ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីតាំង និងការពង្រីកសមត្ថភាពចែកចាយ ដែលអនុញ្ញាតឱ្យដៃគូចែកចាយទាំងអស់អាចពង្រីកប្រតិបត្តិការអាជីវកម្មដែលឆ្លើយតបទៅនឹងកំណើនតម្រូវការទីផ្សារ។

ឥឡូវនេះដៃគូអាជីវកម្មចែកចាយរបស់ក្រុមហ៊ុនតូតាល់អេនើជីទាំងអស់ អាចស្នើឥណទាននេះបានយ៉ាងស្រួលដោយគ្រាន់តែទាក់ទងទៅកាន់ក្រុមការងាររបស់ក្រុមហ៊ុនតូតាល់អេនើជី ដើម្បីប្រឹក្សាយោបល់ និងការណែនាំបន្ថែមផ្សេងៗទៀត។

ភាពជាដៃគូនេះគឺជាការបើកទំព័រថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការសាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដែលនឹងក្លាយជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ពង្រឹងដំណើរការអាជីវកម្មក្នុងស្រុក ក៏ដូចជាគាំទ្រនូវចក្ខុវិស័យវែងឆ្ងាយសម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនប្រកបដោយចីរភាព៕ ដោយ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner