នគរបាលឥណ្ឌូនេស៊ីបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករ តវ៉ារឿងលទ្ធផលបោះឆ្នោត
អត្ថបទដោយ៖
Kien Sereyvuth
នៅថ្ងៃពុធ ទី២២ ឧសភា ២០១៩នេះនគរបាលនៃប្រទេសឥណ្ឌូនេស៊ីបានសម្រេចចិត្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ នាំគ្នាតវ៉ានៅកណ្ដាលទីក្រុងហ្សាការតា ប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដែលបង្ហាញថា លោក Joko Widodo បានជាប់ ឆ្នោតជាប្រធានាធិបតីសាជាថ្មីក្នុងអណត្តិទី២របស់លោក។
បាតុកម្មតវ៉ានៅតាមដងផ្លូវនៃតំបន់ Tanah Abang ស្ថិតនៅកណ្ដាលទីក្រុងហ្សាការតា បានបញ្ចប់ដោយសន្តិវិធី ប៉ុន្តែមានបាតុករមួយចំនួនបានគប់ដុំថ្មលើប៉ូលិស ទើបបង្ខំឱ្យអាជ្ញាធរបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងចាប់ខ្លួនបាតុករយ៉ាងហោចណាស់២០នាក់ផងដែរ។ លទ្ធផលផ្លូវការចុងក្រោយ លោក Widodo ទទួលបានសំឡេងគាំទ្រ៥៥.៥ភាគរយ បន្តជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូនេស៊ី៕ធ.ដ