ជនជាតិវៀតណាម១២៣នាក់ ត្រូវបានចាប់ខ្លួននៅម៉ាឡេស៊ី ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់
អាជ្ញាធរម៉ាឡេស៊ីបានធ្វើការឃាត់ខ្លួនអ្នកនេសាទជនជាតិវៀតណាមចំនួន ១២៣នាក់ រួមជាមួយទូកនេសាទ២៥គ្រឿងដោយចោទប្រកាន់ថាជាការនេសាទខុសច្បាប់ក្នុងដែនទឹករបស់ខ្លួន។
ប្រភពថា យុទ្ធនាការបង្ក្រាបការនេសាទខុសច្បាប់របស់ម៉ាឡេស៊ីត្រូវបានគេឲ្យឈ្មោះថា “Op Naga” ដឹកនាំដោយភ្នាក់ងារអនុវត្ដច្បាប់ដែនសមុទ្រម៉ាឡេស៊ី និងបានចូលរួមកិច្ចប្រឹងប្រែងរួមគ្នាដើម្បីល្បាតតាមដែនទឹក និងដែនអាកាសនៅរដ្ឋ Pahang, Terengganu និង Kelantan កាលពីពេលថ្មីៗនេះ។ក្រសួងមហាផ្ទៃម៉ាឡេស៊ីឲ្យដឹងកាលពីថ្ងៃសៅរិ៍ថា ជនជាតិវៀតណាមទាំងអស់ដែលត្រូវបានចាប់ខ្លួន នឹងត្រូវធ្វើការស៊ើបអង្កេតក្រោមច្បាប់ជលផលក្រោយពួកគេធ្វើការនេសាទដោយគ្មានច្បាប់អនុញ្ញាតក្នុងដែនទឹកម៉ាឡេស៊ី។
សូមបញ្ជាក់ដែរថា ចាប់តាំងពីដើមឆ្នាំ២០១៨មក ទូកវៀតណាមបានចូលទៅនេសាទដោយខុសច្បាប់ក្នុងប្រទេសដទៃចំនួន ១០១ករណីហើយ ដោយក្នុងនោះទូកចំនួន ១៦៣គ្រឿង និងជនជាតិវៀតណាម ១២៥៨នាក់ ត្រូវបានឃាត់ខ្លួន និងរក្សាទុក៕ធ.ដ