ក្រុមចលនាស្ត្រី ស្រុកកៀនស្វាយ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះយន្តការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល រឿងបញ្ហាព្រំដែន ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)

(កណ្តាល)៖ ក្រុមចលនាស្ត្រីនៃក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងស្រុក បាន ប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹង ចំពោះយន្តការដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បន្តដោះស្រាយបញ្ហាព្រំដែនជាមួយព្រះរាជាណាចក្រថៃ តាមរយៈការទូត ការចរចា ការប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន ពិសេសការប្រើប្រាស់យន្តការអន្តរជាតិ នាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែល កន្លងទៅរមែងមានភាពរកាំរកូស ដែលបង្កឡើងដោយកងទ័ពថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) “ដើម្បីពន្លត់ភ្លើងឱ្យរលត់តែម្តង ជាជាងអង្គុយបក់ផ្សែង”។

ការប្រកាសនេះបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលនិងប្រកាសទទួលស្គាល់ សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សស្រុកកៀនស្វាយ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្ស ចុះមូលដា្ឋនខេត្តកណ្តាល។

សម្តេចបានលើកឡើងថា ពិធីប្រកាសសមាសភាពចលនាស្រ្តីថ្ងៃនេះ បានប្រព្រឹត្តទៅស្របពេលដែលកម្ពុជា បានរៀបចំនូវព្រឹត្តិការណ៍ធំៗ ចំនួនពីរមាន ការប្រារព្ធសមាជរដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពី ថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ នៅវិមានរដ្ឋសភា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងការបម្រើឧត្តមប្រយោជន៍ប្រទេសជាតិនិងប្រជាពលរដ្ឋ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ក្នុងនាមពលរដ្ឋខ្មែរ ក្រុមចលនាស្ត្រីនៃក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ បានសម្តែងក្តីរំភើប គោរពស្ញប់ស្ញែងយ៉ាងក្រៃលែង ចំពោះចំណាត់ការដ៏ថ្លៃថ្លានិងយ៉ាងម៉ឹងម៉ាត់ ប្រកបដោយមនសិការស្នេហាជាតិនិងប្រជាពលរដ្ឋដ៏ជ្រាលជ្រៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងនេះ ធ្វើយ៉ាងណាថែរក្សាការពារនូវ ឯករាជ្យ ដែនអធិបតេយ្យ និងបូរណភាព ទឹកដីរបស់កម្ពុជា។

សម្តេចបានផ្តាំផ្ញើដល់ក្រុមការចលនាស្រ្តីទាំងអស់ បន្តធានាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្ស ឱ្យបានរឹងមាំឥតរង្គោះរង្គើ ទាំងខាងទស្សនៈ នយោបាយ សតិអារម្មណ៍ គោលជំហនិងសកម្មភាព។ ការអនុវត្ត គ្រប់ការងាររបស់គណបក្ស ត្រូវតែស្រុះគ្នាស្មើដៃគ្នា និងប្រទាក់ក្រឡាគ្នាជាអង្គតែមួយ ពីលើដល់ក្រោមទាំងខ្សែបណ្ដោយ ទាំងខ្សែទទឹង។ បន្ដយកចិត្តទុកដាក់កសាងជួរមន្ត្រីដឹកនាំ និងមន្ត្រីជំនាញវ័យក្មេងរបស់គណបក្សដើម្បីជាកម្លាំងបន្តវេន និងធានានិរន្តរភាពការងារគ្រប់ផ្នែកទាំងនៅក្នុងយន្តការ ដឹកនាំនៅក្នុងស្ថាប័ន និងយន្តការនានារបស់ស្ថាប័នគណបក្ស ពិសេសមន្ត្រីកម្រិតនៅ មូលដ្ឋានទាំងមន្ត្រីនៃបណ្តាអង្គការមហាជននិងអង្គការយុវជន សំដៅលើកកម្ពស់សមត្ថភាពនយោបាយ និងគុណធម៌ឱ្យឆ្លើយតបទៅនឹងសំណូមពរការងារចំពោះមុខ ផង និងយូរអង្វែងផង ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner