អនុប្រធានទី២រដ្ឋសភា កោតសសើរការប្តេជ្ញាចិត្តរាជរដ្ឋាភិបាលដ៏មោះមុតក្នុងការថែរក្សា «សន្តិភាព» និងការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត
(ត្បូងឃ្មុំ)៖ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា «សន្តិភាព» និងការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។ ដោយសារកត្តាសន្តិភាពទើបប្រទេសជាតិមានការអភិវឌ្ឍន៍ជឿនលឿន ប្រជាពលរដ្ឋមានជីវភាពធូរធា ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមធ្វើទេសចរណ៍លេងកម្សាន្តយ៉ាងសប្បាយរីករាយ នៅទូទាំប្រទេស។

នេះជាការលើកឡើងរបស់ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ទូទាំងស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ អមដំណើរដោយ ឯកឧត្តម លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

ឯកឧត្តម វង សូត បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង គាំទ្រ និងផ្តល់ឱកាសជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំ រាជរដ្ឋាភិបាល នីតិកាលទី៧ ។ ក្រោមការដឹកនាំរដ្ឋាភិបាលបន្តវេន បានធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនជឿនលឿន នឹងក្លាយទៅជាប្រទេសមានចំណូលមធ្យម និងខ្ពស់ តាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ។

ឯកឧត្ដម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកពញាក្រែក ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀត ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ និងត្រូវប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា ។

ឯកឧត្តម វង សូត បានលើកឡើងពី សមាជរដ្ឋសភា-ព្រឹទ្ធសភា ដែលរៀបចំឡើងជាលើកដំបូងកាលពីថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង ជាប្រធានសមាជ ។ អង្គសមាជបានឯកភាពគ្នាជាឯកច្ឆ័ន្ទក្នុងការចេញសេចក្តីថ្លែងការគាំទ្រយន្តការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល ជាមួយប្រទេសថៃ និងគាំទ្រការនាំយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៍អន្តរជាតិ (ICJ)។
ឯកឧត្តម វង សូត បានឧបត្ថម្ភថវិកា សមាជិក សមាជិកា ៤៣៧នាក់ ក្នុងម្នាក់ៗ ទទួល ៥ម៉ឺនរៀល និងឧបត្ថម្ភសាលាស្រុកពញាក្រែក ១លានរៀល ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
