វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥

(កំពង់ធំ)៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅទីតាំងវិទ្យាស្ថានផ្ទាល់ ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។

លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានឱ្យដឹងថា៖ «វិទ្យាស្ថានបានត្រៀមរួចរាល់ហើយ សម្រាប់អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈប្រចាំខេត្តរបស់ខ្លួន ដែលនឹងមានការអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ទីរ-អង្គភាពជុំវិញខេត្ត អង្គការ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិតសរុបប្រមាណជាង១,៦០០នាក់»។

នៅថ្ងៃប្រារព្ធពិធីនោះ មានការដាក់តាំងបង្ហាញស្នាដៃរបស់សិស្ស-និស្សិត រួមមាន៖ ភ្លើងចរាចរណ៍ ម៉ាកែត ម៉ាស៊ីនបោសសំរាម និងម៉ាស៊ីនប្រឡេះគ្រាប់ស្វាយចន្ទី។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនផ្សេងៗទៀតដូចជា ៖ ក្រុមហ៊ុនត្រាក់ទ័រចនឌារ, ធនាគារអេស៊ីលីដា, ធនាគារABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត, ធនាគារកាណាឌីយ៉ា, ធនាគារព្រីនស៍, ធនាគារអេ អ៊ឹម ខេ, ធនាគារវីង, ធនាគារភ្នំពេញពាណិជ្ជសាខាខេត្តកំពង់ធំ, ក្រុមហ៊ុន មិត្តហ្វូន (Metfone) សាខាខេត្តកំពង់ធំ, សិប្បកម្មបច្ចេកទេសគ្រឿងយន្ត (AI) 007, មជ្ឈមណ្ឌលការងារ, បេឡាជាតិសន្តិសុខសង្គម, និងស្នាដៃសិស្ស-និស្សិតរបស់វិទ្យាស្ថាន។

ការប្រារព្ធទិវា TVET Day នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះទី១ គឺមនុស្ស ដោយបានផ្ដោតសំខាន់លើការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបានគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

គួរជម្រាបថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមួយក្នុងចំណោមគ្រឹះស្ថាន TVET របស់រដ្ឋទាំង ៣៧ ដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner