អគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្តនាំអំណោយទៅជូនកងទ័ពកំពុងឈរជើងការពារព្រំដែន
ព្រះវិហារ៖ លោក ស្រី កែកុល សោភា អគ្គនាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្តកាលពីរសៀលថ្ងៃទី៦ ខែមិថុនា បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា យកទៅប្រគល់ជូន កងទ័ពដែលកំពុងឈរជើងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តព្រះវិហារ ដែលស្ថិតនៅក្រោមការដឹកនាំរបស់ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។

ក្នុងឱកាសនេះលោកស្រីបានបញ្ជាក់ថា អ្វីដែលលោកស្រីបានមកដល់នាថ្ងៃនេះ គឺដើម្បីដឹងគុណ វីរីភាព អង់អាចក្លាហានរបស់កងទ័ព ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារទឹកដី សេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយក៏ជាការចូលរួមលើកទឹកចិត្តដល់កងទ័ព ។

ឯកឧត្តមនាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណដល់លោកស្រី កែកុល សោភា និងសហការីទាំងអស់ ដែលបានលើកទឹកចិត្តដល់កងទ័ពតាមរយៈចូលរួមគាំទ្រ ក្នុងន័យខ្មែរស្រឡាញ់ខ្មែរនិង បាននាំយកនូវគ្រឿងឧបភោគ បរិភោគផ្ដល់ជូនដល់កងទ័ពដោយផ្ទាល់នៅទីនេះ ។
សូមជម្រាបថា អំណោយដែលបានយកទៅជូនកងទ័ពមាន ទឹកត្រីចំនួន ៣០០យួរ, ទឹកស៊ីវអ៊ីវចំនួន ៣០០ យួរ,ត្រីខ កំប៉ុងចំនួន ៣០០កេស,មីចំនួន ៣០០ កេស,ទឹកសុទ្ធចំនួន ៣០០ កេស,ក្រមាខ្មែរចំនួន ៣០០ ក្រមា(សរុបជាទឹកប្រាក់ស្មើនឹង ៨ ៨៤៤ដុល្លារ )និងថវិកាចំនួន ១១ ៤០០ ដុល្លារ ។សរុបទាំងអស់ចំនួន ២០ ២៤៤ដុល្លារ។
អំណោយជាគ្រឿងឧបភោគបរិភោគដែលយកមកប្រគល់ជូននាពេលនេះ ក៏មានការចូលរួមពី លោកស្រី ហង់ វុត្ថា ប្រធានក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡនផងដែរ៕
ដោយ៖ជាវ ចន្ធូ


