នាំអំណោយគ្រឿងឧបភោគ បរិភោគទៅប្រគល់ជូនកងទ័ពជួរមុខនៃយោធភូមិភាគទី៥ ទិសខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖គ្រឿងឧបភោគ បរិភោគមួយចំនួនធំ រួមជាមួយឱសថផង ជាអំណោយរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញនិងសប្បុរសជននានា ត្រូវបានលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យនិងប្រតិភូយកទៅប្រគល់ជូនកងទ័ពជួរមុខយោធភូមិភាគទី៥ ទិសខេត្តបន្ទាយមានជ័យ។

ក្នុងពេលទទួលអំណោយកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ តំណាងឱ្យឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៥ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ប្រតិភូ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ពិសេសឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ដែលជានិច្ចជាកាលតែងតែគាំទ្រនិងលើកទឹកចិត្តដល់កងទ័ពជួរមុខ។នេះគឺជាកាយវិការដ៏ប្រពៃថ្លៃថ្លាផ្សាភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ។

សូមជម្រាបថា អំណោយដែលលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត នាំយកទៅប្រគល់ជូនមាន អង្ករ ត្រីខកំប៉ុង មី ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ពងទា ភេសជ្ជៈ បន្លែចម្រុះ សាច់ជ្រូក សាច់ក្រក ត្រីចំហុយ៣កន្ត្រក ឆៃប៉ូវផ្អែម ត្រីងៀត មុងជ្រលក់ថ្នាំ ឱសថ និងសេរ៉ូម
ដោយ៖ឃិន គន្ធា


