ផ្ទុះគ្រាប់បែកចំនួន ២គ្រាប់ នៅខាងមុខផ្សាររាត្រី ក្នុងប្រទេសថៃ

បរទេស៖ គ្រាប់បែកចំនួនពីរគ្រាប់បានផ្ទុះ នៅខាងមុខផ្សាររាត្រី ស្ថិតក្នុងខេត្តប៉ាតានី ភាគខាងត្បូង ប្រទេសថៃ កាលពីយប់ថ្ងៃអាទិត្យ ទី៨ ខែមិថុនា បណ្តាលឲ្យមនុស្សម្នាក់រងរបួស ហើយលុះដល់ព្រឹកថ្ងៃចន្ទ នេះ គ្រាប់បែកមួយគ្រាប់ទៀត ត្រូវបានប៉ុនប៉ងបំផ្ទុះ ជាថ្មី ប៉ុន្តែ ត្រូវបានកងទ័ពអន្តរាគមន៍ ទាន់ពេល នេះបើតាមការចុះផ្សាយ របស់កាសែតថៃ Bangkok Post។

ឧត្តមសេនីយ៍ទោ Santhas Chueaputtarn ស្នងការប៉ូលិស ខេត្តប៉ាតានី បាននិយាយថា គ្រាប់បែកទី១ ត្រូវបានបំផ្ទុះ នៅម៉ោងប្រហែល ៨.០៥នាទីយប់ ហើយមួយគ្រាប់ទៀតបានផ្ទុះ នៅចន្លោះសណ្ឋាគារ Santisook និង សណ្ឋាគារ Palace នៅម៉ោងប្រមាណ ៨.១០នាទី។ ស្ត្រី ជាអាជីវករ នៅផ្សារអាហារពេលយប់ បានរងរបួសបន្តិចបន្តួច ហើយម៉ូតូ ពីរគ្រឿងដែលចតទុកចោល បានរងការខូចខាត។ លោកបន្តថា គ្រាប់បែកទាំងនោះ ត្រូវបានលាក់ទុកក្នុងធុងសំរាមតាមផ្លូវ ហើយតំបន់ទាំងនោះ ជាតំបន់គ្មានការព្រមាន អំពីការផ្ទុះគ្រាប់បែក នោះទេ។

លោកស្នងការ បានបន្តថា នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមិថុនា ប៉ូលិសបានរកឃើញគ្រាប់បែក មួយទៀត ដែលត្រូវបានកំណត់ពេលឲ្យផ្ទុះ នៅម៉ោង៨យប់។ ប៉ុន្តែ អ្នកជំនាញផ្នែកគ្រាប់បែក បានចំណាយពេល ជាងមួយម៉ោង ដើម្បីកម្ទេច និង បន្សាបគ្រាប់បែក ទីបីនេះ វិញ។

ក្រោយកើតហេតុ ការិយាល័យទំនាក់ទំនងសាធារណៈខេត្ត ប៉ាតានី បានព្រមានប្រាប់ប្រជាជនរស់នៅក្នុងខេត្ត ព្រមទាំង ខេត្តយ៉ាឡា និងណារ៉ាធីវ៉ាត់ ដែលនៅជិតខាង ឱ្យប្រុងប្រយ័ត្នចំពោះការវាយប្រហារបន្ថែមទៀត ជាពិសេស នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម។

គួរឲ្យដឹងថា នេះគឺជាហេតុការណ៍ហិង្សាថ្មី មួយទៀត ដែលបានកើតមានឡើង នៅភាគខាងត្បូង ប្រទេសថៃ។ តាំងពីឆ្នាំ២០០៤មក ជម្លោះដ៏រ៉ាំរ៉ៃ ជាមួយក្រុមបះបោរចង់ផ្តាច់ខ្លួន បាន ឆក់យកជីវិតមនុស្ស ជាង ៧,០០០នាក់ ហើយ៕

ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner