ឆេះកប៉ាល់កុងតឺន័រមានទង់ជាតិសិង្ហបុរី នៅឥណ្ឌា
បរទេស ៖ កប៉ាល់ដឹកកុងតឺន័រ ដែលមានទង់ជាតិសិង្ហបុរី បានឆេះ នៅតំបន់ឆ្នេរសមុទ្រ ភាគខាងត្បូង នៃប្រទេសឥណ្ឌា។
វីដេអូដែលចេញផ្សាយ ដោយឆ្មាំឆ្នេរសមុទ្រឥណ្ឌា បានបង្ហាញពីផ្សែងខ្មៅយ៉ាងក្រាស់ និង កុងតឺន័រផ្ទុកទំនិញ ដែលហាក់ដូចជា មានផ្សែងហុយឡើង ដោយសារការផ្ទុះដ៏ខ្លាំងមួយ នៅលើនាវា MV Wan Hai 503។
ក្រោយកើតហេតុ កាលពីថ្ងៃចន្ទ
ក្រសួងការពារជាតិ បាននិយាយថា ខ្លួនបានដាក់ពង្រាយយន្តហោះ ឆ្មាំឆ្នេរសមុទ្រ និងនាវាចម្បាំង អន្តរាគមន៍។ គេបញ្ជាក់ថា ករណីនេះ មានសមាជិកនាវិកបួននាក់ បានបាត់ខ្លួន ហើយកំពុងតាមស្វែងរក។ ប្រភពបន្តថា កប៉ាល់ប្រវែង ២៦៨ម៉ែត្រ មួយគ្រឿងនេះ បានឆេះនៅចម្ងាយប្រហែល ប្រមាណ ១៤៤គីឡូមែត្រ ពីកំពង់ផែ Beypore។
រីឯ អាជ្ញាធរដែនសមុទ្រ និងកំពង់ផែ ហៅកាត់ MPA របស់ប្រទេសសិង្ហបុរី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានការរងរបួស នាវិកចំនួន៤នាក់ ផ្សេងទៀត ក្រៅពីការបាត់ខ្លួន។
មូលហេតុនៃការឆេះ មិនទាន់ត្រូវបានបញ្ជាក់ ឲ្យដឹងនោះទេ។ កាលពីខែមុន ក៏មានករណីលិចនាវាផ្ទុកកុងតឺន័រ របស់ប្រទេសមួយផ្សេងទៀត នៅតំបន់ឆ្នេរភាគខាងត្បូង ប្រទេសឥណ្ឌា ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
