រុស្ស៊ី និងអ៊ុយក្រែនដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំលើកដំបូង
មូស្គូ ៖ រុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃចន្ទ បានដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំលើកដំបូង ដែលកើតចេញពីកិច្ចព្រមព្រៀងចរចាសន្តិភាពនៅតួកគី ប៉ុន្តែភាគីជម្លោះទាំងពីរមិនបានបញ្ជាក់ពីចំនួនទេ។
ទន្ទឹមគ្នា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ថ្ងៃនេះការដោះដូរឈ្លើយសឹកបានចាប់ផ្តើម ហើយនឹងបន្តក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែម ថា ក្នុងចំណោមឈ្លើយសឹកទាំងនោះ មមមានអ្នកខ្លះរបួសស្រាល អ្អ្នកខ្លះរបួសធ្ងន់ និងអ្នកខ្លះទៀតមាន អាយុ ក្រោម ២៥ឆ្នាំ។
រីឯក្រសួងការពារជាតិរុស្ស៊ីក៏បានអះអាងដែរថា ការដោះដូរឈ្លើយសឹកនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលសម្រេចបានពីការចរចាសន្តិភាពកាលពីថ្ងៃទី២ ខែមិថុនា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
បន្ទាប់ពីការចរចានោះ ភាគីជម្លោះទាំងពីរបាននិយាយថា ពួកគេនឹងដោះដូរទាហានជាង ១.០០០នាក់ដែលត្រូវបានចាប់ខ្លួន ហើយនេះជាការដោះដូរឈ្លើយសឹកដ៏ធំបំផុត។
គួរកត់សម្គាល់ កិច្ចព្រមព្រៀងដោះដូរឈ្លើយសឹក និងការធ្វើមាតុភូមិនិវត្តន៍សាកសពយុទ្ធជនដែលត្រូវបានសម្លាប់ គឺជាកិច្ចព្រមព្រៀងជាក់ស្តែងតែមួយគត់ ដែលសម្រេចបាននៅក្នុងកិច្ចចរចា ដែលបានបរាជ័យឈានទៅដល់ការបញ្ចប់សង្រ្គាមទាំងស្រុងក្នុងរយៈពេលជាងបីឆ្នាំ៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា