រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ៖ បារាំង អាចផ្ដល់ឯកសារដល់ កម្ពុជា-ថៃ សម្រាប់សំណុំរឿងព្រំដែន ក្នុងករណីចាំបាច់

(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះភ្នំពេញ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញត្រឡប់ពីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅប្រទេសបារាំង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលលបន្ទុកកិច្ចការការបរទេស បានថ្លែងថា ខ្ញុំសូមអះអាងថា ប្រធានាធិបតីបារាំងម៉ាក្រុង បានថ្លែងបញ្ជាក់ថា សំណុំរឿងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបាន ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង សន្យានឹងជួយសម្របសម្រួល ជាអាទិ៍ តាមរយៈការផ្ដល់ឯកសារនេះ ឬឯកសារនោះ ដល់ភាគីទាំងពីរ ដល់ថៃផង ដល់កម្ពុជាផង បើសិនជាមានការចាំបាច់ ។

ជាមួយគ្នានេះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានរម្លឹកខ្លឹមសារក្នុងជំនួបទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ ឯកឧត្តម Emmanuel Macron នៅទីក្រុងនីស ប្រទេសបារាំង ដោយសម្ដេចធិបតី បានលើកឡើងថា៖

ទី១.កម្ពុជា នៅតែបន្តរក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការជាមួយនឹងថៃ ។

ទី២.កម្ពុជា ច្បាស់ណាស់ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងបញ្ហានៅតំបន់មុំបី បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJហ្នឹងជាការពិតប្រកែកមិនបាន សម្រេចរួចហើយកំពុងតែដំណើរការ «ខ្ញុំសូមបញ្ជាក់ឡើងវិញ គោលដៅ គឺរកឱ្យឃើញដោយសន្តិវីធី ឱ្យបានឆាប់ ឱ្យបានចប់លើដំណោះស្រាយបញ្ហាព្រំដែន ឱ្យដាច់ស្រេចជាស្ថាពរ ហេតុអ្វី ? កម្ពុជា មិនចង់បន្សល់ទុកបញ្ហាច្រំដែលទាំងនេះ ឱ្យនៅបន្តវែងឆ្ងាយទៅមុខទៀត រហូតដល់អាចបង្កឱ្យកើតជាព្រឹត្តិការណ៍ផ្ទុះអាវុធជាថ្មី» ។

ទី៣. ជំហររបស់កម្ពុជា ទន្ទឹមនេះ នៅក្រៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី កម្ពុជា បន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការ ដែលដែលមានស្រាប់ យន្តការគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃដដែល ។

ទី៤. គោលជំហររបស់កម្ពុជា គឺបន្តទំនាក់ទំនងកម្ពុជា-ថៃ តាមរយៈគ្រប់យន្តការ ដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ សម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរកម្ពុជាថៃ ។

សូមបញ្ជាក់ថា ជម្លោះព្រំដែនជាថ្មីរវាងប្រទេសកម្ពុជា និងថៃ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក ដោយមានការប៉ះទង្គិចគ្នាមួយ កើតឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ ហើយបានបង្កើតឱ្យមានភាពតានតឹងរវាងកងទ័ព នៃប្រទេសទាំងពីរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner