លោកជំទាវ ពុំ ចន្ទីនី ៖ បន្តពង្រឹងកម្លាំងសាមគ្គីភាពលើកកម្ពស់សកម្មភាពមនុស្សធម៌ និងការរួបរួមគ្នាក្នុងសង្គមជាតិ
(បាត់ដំបង)៖ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សូមបន្តពង្រឹងកម្លាំងសាមគ្គីភាពលើកកម្ពស់សកម្មភាពមនុស្សធម៌ និងការរួបរួមគ្នាក្នុងសង្គមជាតិ ។ នេះជាការលើកឡើងរបស់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងសន្និបាតសាខាអាណត្តិទី៦ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាថ្មីចំនួន ១៥រូប របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ។
លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ថា ការលើកកម្ពស់ការងារនេះ គឺតាមរយៈការអនុវត្តកិច្ចការគន្លឹះសំខាន់ៗចំនួន ៣រួមមាន៖ ការផ្ដល់អំណោយធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ក្នុងឧបត្ថម្ភផ្ទាល់នានា សម្រាប់ទ្រទ្រង់ សុខមាលភាពប្រជាជន និងរៀបចំយន្តការត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលកើតចេញពី វិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម គ្រោះអន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ។
លើកកម្ពស់ការយល់ដឹង និងចូលរួមផ្ដល់ការអប់រំផ្សព្វផ្សាយលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងនានា និងជំងឺមិនឆ្លងមួយចំនួនដូចជាជំងឺមហារីក ទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ជាដើម ដែលជាបញ្ហាសុខភាពសាធារណ:កំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវ ដូចជាបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារី។ល។
រួមទាំងការលើកកម្ពស់សុខភាព មាតា ទារក កុមារនិងមនុស្សពេញវ័យ និងទី៣ ការលើកកម្ពស់គុណតម្លៃ និងលើកកម្ពស់ ចលនាមនុស្សធម៌ សេចក្តីថ្លៃថ្នូរមនុស្សជាតិ លើកកម្ពស់វប្បធម៌អហិង្សាការពារសុខសន្តិភាព ដែលក្នុងនោះទាមទារឱ្យមានការចូលរួមពង្រឹងស្មារតី សាមគ្គីភាព ការលើកកម្ពស់ វប្បធម៌នៃការចែករំលែក និងការជួយគ្នាទៅវិញទៅមក ចាប់តាំងពី ភូមិ ឃុំ ស្រុក ខណ្ឌ ក្រុង ដែលជាថ្នាក់ក្រោមជាតិរហូតដល់ ថ្នាក់ជាតិ។
តាងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អាណត្តិទី ៦ ឯកឧត្តម សុខ លូ បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ៖ នឹងគោរពនូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ខិតខំបំពេញបេសកម្មមនុស្សធម៌លើវិស័យអាទិភាពទាំង៤ ស្របតាមគោលដៅយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ។
សូមបញ្ជាក់ថា ៖ គោលបំណងសំខាន់នៃសន្និបាតនេះរួមមាន ៖ ១- ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦(២០២៥-២០៣០) ២- ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០) ៣- បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦ ៕
ដោយ / គ្រី សម្បត្តិ




