ក្រសួងវប្បធម៌ឱ្យបញ្ឈប់ការនាំចូល និងការចាក់បញ្ចាំងភាពយន្តថៃ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៥នេះបានចេញសេចក្តីជូនដំណឹងមួយស្តីពីការបញ្ឈប់ការនាំចូល និងការបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅគ្រប់រោងភាពយន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ដល់ម្ចាស់ក្រុមហ៊ុន ចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ថា ចាប់ពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ ដោយគ្រប់ក្រុមហ៊ុនចែកចាយភាពយន្ត និងរោងភាពយន្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា បញ្ឈប់ការនាំចូល និងបញ្ឈប់ការចាក់បញ្ចាំងភាពយន្តថៃ នៅតាមរោងភាពយន្តរបស់ខ្លួន និងនៅតាម ទីតាំងផ្សេងទៀតជាកំហិត។

តាមរយៈសេចក្តីជូនដំណឹងនេះក្រសួងវប្បធម៌ក៏បានឱ្យម្ចាស់ក្រុមហ៊ុនចែកចាយភាពយន្ត និងម្ចាស់រោងភាពយន្តទាំងអស់ ចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

ដោយឡែកក្រសួងព័ត៌មានកាលពីយប់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ក៏បានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ប្រាប់ដល់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា ចាប់ពីម៉ោង ១២ យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ ត្រូវបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ការបញ្ឈប់ការនាំចូល និងការចាក់បញ្ចាំងភាពយន្តថៃនេះដែរធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជូនយោបល់ទៅកាន់រដ្ឋាភិបាលកម្ពុជា ជំរុញឱ្យបិទការផ្សាយភាពយន្តថៃ និងការនាំទំនិញរបស់ថៃ មកកាន់កម្ពុជា ដើម្បីជាការឆ្លើយតបការព្រមានរបស់ថៃក្នុងការបិទអ៉ិនធើណែត និងផ្ដាច់អគ្គិសនី មកកម្ពុជានាពេលថ្មីៗនេះ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ កន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អ៊ីនធើណែត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៉ិនធើណែតអី បើកម្ពុជាមានអ៊ិនធើណែតប្រើគ្រប់គ្រាន់ហើយនោះ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner