លោក Trump ស្នើជួយឥណ្ឌារឿងធ្លាក់យន្តហោះស្លាប់មនុស្សកើនដល់ ២៦៥នាក់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើជួយដល់ឥណ្ឌា ពាក់ព័ន្ធនឹងហេតុការណ៍ធ្លាក់យន្តហោះផ្ទុកអ្នកដំណើរ ២៤២នាក់ដ៏គួរឱ្យរន្ធត់នៅទីក្រុងAhmedabad កាលពីថ្ងៃព្រហស្បតិ៍។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់អ្នកកាសែតក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានថា ខ្ញុំចង់ប្រាប់ឥណ្ឌាឱ្យដឹងថា យើងអាចធ្វើបានគ្រប់យ៉ាង ហើយយើងនឹងចុះទៅដល់ទីនោះភ្លាមៗ… ទីតាំងយន្តហោះធ្លាក់ដ៏គួរឱ្យរន្ធត់។ ភ្លាមៗ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានចុះត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងយន្តហោះធ្លាក់ ហើយបានពណ៌នាសោកនាដកម្មនេះថា ជា “ការឈឺចិត្តហួសថ្លែង”។
នៅក្នុងថ្ងៃសុក្រនេះ ក្រុមសង្គ្រោះបានប្រើប្រាស់សត្វឆ្កែជួយដល់ប្រតិបត្តិការរុករកជនរងគ្រោះនៅទីតាំងយន្តហោះធ្លាក់ចំតំបន់ប្រជាជនរស់នៅនៃទីក្រុងAhmedabad សម្លាប់មនុស្សយ៉ាងហោចណាស់ ២៦៥នាក់ ទាំងអ្នកដំណើរលើយន្តហោះ និងនៅលើដី។ ហើយមានតែអ្នកដំណើរម្នាក់ប៉ុណ្ណោះ ដែលជាជនជាតិអង់គ្លេសដើមកំណើតឥណ្ឌ ដែលនៅរស់រានមានជីវិត និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ស្នងការរងប៉ូលិសឥណ្ឌា លោក Kanan Desai បាននិយាយថា រហូតមកដល់ពេលនេះ សាកសពមនុស្សចំនួន ២៦៥នាក់ត្រូវបានរកឃើញ ក្នុងនោះ ២៤នាក់បានស្លាប់នៅលើដី ពេលយន្តហោះធ្លាក់ចំតំបន់ប្រជាជនរស់នៅ ហើយតួលេខអ្នកស្លាប់ ត្រូវបានរំពឹងថា អាចនឹងកើនឡើងថែមទៀត។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ផ្លូវការនឹងត្រូវប្រកាស គឺបន្ទាប់ពីការធ្វើតេស្ត DNA ត្រូវបានបញ្ចប់ ហើយថា ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះនៅបរទេសត្រូវបានជូនដំណឹងរួចហើយ។
ក្រុមហ៊ុនអាកាសចរណ៍ Air India បានឱ្យដឹងថា មានអ្នកដំណើរឥណ្ឌា ១៦៩នាក់ អង់គ្លេស ៥៣នាក់ ព័រទុយហ្គាល់ ៧នាក់ និងកាណាដាម្នាក់ រួមទាំងសមាជិកនាវិក ១២នាក់នៅលើជើងហោះហើរដែលឆ្ពោះទៅកាន់ព្រលានយន្តហោះ Gatwick ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ គិតមកទល់ពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍ចេញផ្សាយពីមូលហេតុដែលយន្តហោះធ្លាក់នៅឡើយទេ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរកា៕






ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា