មេអ៊ីស្រាអែលថា នឹងបន្តវាយប្រហារអ៊ីរ៉ង់តាមតម្រូវការ

បរទេស ៖ នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល លោក Netanyahu បាននិយាយថា ប្រតិបត្តិការរបស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ នឹងបន្តរយៈពេលជាច្រើនថ្ងៃ តាមតម្រូវការរបស់ខ្លួន។

លោក Benjamin Netanyahu បាននិយាយថា «ការវាយប្រហាររបស់អ៊ីស្រាអែល លើអ៊ីរ៉ង់ នឹងបន្តរយៈពេល ជាច្រើនថ្ងៃ តាមដែលខ្លួនត្រូវការ» ពោលគឺ បន្ទាប់ពីអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានធ្វើការវាយប្រហារ លើទីតាំងនុយក្លេអ៊ែរ និង យោធារបស់អ៊ីរ៉ង់។

លោក Netanyahu បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ វីដេអូមួយ ដោយដាក់ឈ្មោះប្រតិបត្តិការនេះ ថា «Rising Lion» ឬ «តោតំឡើងអំណាច»។ លោកបន្តថា «យើងបានវាយប្រហារចំបេះដូងនៃកម្មវិធីចម្រាញ់នុយក្លេអ៊ែររបស់អ៊ីរ៉ង់…យើងបានកំណត់គោលដៅ លើរោងចក្រចម្រាញ់ប្រេងដ៏សំខាន់ របស់អ៊ីរ៉ង់ នៅ Natanz… យើងក៏បានវាយប្រហារចំបេះដូងនៃកម្មវិធីមីស៊ីលផ្លោង របស់អ៊ីរ៉ង់»។ លោកបានបន្ថែមថា អ៊ីស្រាអែលក៏បានវាយប្រហារ លើក្រុមអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលជំនាញផលិតគ្រាប់បែកអ៊ីរ៉ង់ ផងដែរ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសុក្រ អ៊ីស្រាអែលបានផ្តើមវាយប្រហារអ៊ីរ៉ង់ ជាហេតុនាំឲ្យមជ្ឈិមបូព៌ា ធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់ថ្មី ជាមួយនឹងហានិភ័យពិតប្រាកដ នៃសង្គ្រាមក្នុងតំបន់ កាន់តែទូលំទូលាយ។

អ៊ីស្រាអែលដាក់ប្រទេស ក្នុងភាពអាសន្ន ក្រោយបាញ់ចូលដីអ៊ីរ៉ង់ រួមទាំង បិទលំហអាកាស រង់ចាំការជូនដំណឹងថ្មី។ អ៊ីស្រាអែលថា ជាការវាយប្រហារទ្រង់ទ្រាយធំ ដែលបានត្រៀមទុក យូរមកហើយ។ សេចក្តីរាយការណ៍ចុងក្រោយ មេដឹកនាំយោធាអ៊ីរ៉ង់មួយចំនួន ត្រូវបានសម្លាប់ ជាមួយនឹងមនុស្សមួយចំនួនទៀត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner