ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន ៧មករា
(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ»។ បទឧទ្ទេសនាមនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃ វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១៨ ដោយមានសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស ចូលរួមសរុបចំនួន ១៤៧រូប (ស្រី ២០រូប) នៅវិមាន ៧មករា រាជធានីភ្នំពេញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីស្ថានភាពព្រំដែនដែលកំពុងតែកើតឡើង ដើម្បីដាស់ស្មារតីដល់សិក្ខាកាមទាំងអស់ថា “បើទោះបីជាយើងកំពុងសិក្សារៀនសូត្រនៅទីនេះ ក៏ប៉ុន្តែស្មារតីរបស់យើងទាំងអស់គ្នា ឆ្ពោះទៅកាន់ការគិតគូរទៅលើប្រទេសជាតិ ជារួម ជាពិសេសការផ្តល់ជាកម្លាំងទឹកចិត្តពីសមរភូមិខាងក្រោយទៅកាន់កងកម្លាំង ដែលកំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន។
នៅក្នុងបទឧទ្ទេសនាមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នារសៀលនេះ ត្រូវបានបែងចែកជា ៣ផ្នែក៖ ផ្នែកទី១.ការរំលឹកនូវប្រវត្តិ និងការកកើតនៃវិស័យមុខងារសាធារណៈ ជាពិសេសការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈជាបន្តបន្ទាប់កន្លងមក និងសម្រេចបាននូវលទ្ធផលជាច្រើន រហូតមកដល់ពេលបច្ចុប្បន្ន។ ផ្នែកទី២.ឯកឧត្តម ក៏បានរៀបរាប់ពីសមិទ្ធផលដែលសម្រេចបានរយៈពេល ២១ខែ ដែលបន្តការងារកែទម្រង់រដ្ឋបាលសាធារណៈពីអាណត្តិមុនៗ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
រីឯផ្នែកទី៣ នៃបទឧទ្ទេសនាមក្នុងវគ្គអប់រំនយោបាយនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់សារផ្តាំផ្ញើទៅដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំអនុវត្តប្រចាំថ្ងៃរៀងៗខ្លួន ក្នុងស្មារតីនៃក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា និងក្នុងស្មារតីរួម នៃការបម្រើប្រទេសជាតិ និងបម្រើផលប្រយោជនប្រជាជនជាគោល ធ្វើយ៉ាងណាចូលរួមអភិវឌ្ឍប្រទេសជាតិផង និងចូលរួមផ្តល់នូវសេវាសាធារណៈ ក៏ដូចជាបម្រើប្រជាពលរដ្ឋដោយស្មោះអស់ពីចិត្ត ក្នុងនាមជាអ្នកបម្រើប្រជាជនពិតប្រាកដ៕



ដោយ ៖ ង៉ាន់ ទិត្យ