ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធើណេតចល័តទាំងបី ដែលកំពុងដំណើរការនៅកម្ពុជា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល
(ភ្នំពេញ)៖ ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធើណេតចល័តទាំងបី ដែលកំពុងដំណើរការនៅកម្ពុជា ក្នុងនោះមានក្រុមហ៊ុនសែលកាត ក្រុមហ៊ុនមិត្តហ្វូន និងក្រុមហ៊ុនស្មាត នៅថ្ងៃទី១៣ ខែមិថុនា នេះបាន បានង្ហាញពីការគាំទ្រដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចផ្តូចផ្តើមរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតឯករាជ្យភាពឌីជីថលពេញលេញ ។ក្រុមហ៊ុនទាំងបីក៏បានបញ្ជាជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងការធានាបាននូវប្រតិបត្តិការប្រកបដោយស្ថេរភាព គ្រប់កាលៈទេសទាំងអស់។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានប្រសាសន៍ថា៖ “នេះគឺជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់អនាគតឌីជីថលរបស់ កម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនខ្មែរ សែលកាតប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលដែលមានអធិបតេយ្យភាព សុវត្ថិភាព និងលំដាប់ពិភពលោកសម្រាប់ប្រទេសជាតិ របស់យើង ដោយកាត់បន្ថយការពឹងផ្អែកពីខាងក្រៅ និងធានាបាននូវភាពធន់របស់ជាតិកាន់ តែខ្ពស់។”
ក្រុមហ៊ុនទាំងបីបានបង្ហាញដូចគ្នាថា ក្នុងដំណើរការនៃការផ្លាស់ប្តូរទៅប្រើបណ្តាញ IP Transit ថ្មី ដែលមានសុវត្ថិភាព និងឯករាជ្យភាពជាតិ កាន់តែខ្ពស់ អតិថិជនអាចនឹងជួបប្រទះនូវការថយចុះសមត្ថភាព និងល្បឿននៃសេវាអ៊ីនធឺណិត ជាបណ្តោះអាសន្ន នៅលើបណ្តាសេវា Mobile Internet, Smart @Home និង Fiber+ ដោយសារតែ ការផ្លាស់ប្តូរទិសដៅនៃការបញ្ជូនទិន្នន័យតាមច្រកអន្តរជាតិផ្សេងទៀត។
ជាមួយគ្នានេះដែរក្រុមហ៊ុនទាំងបីក៏បានធ្វើការ សូមអភ័យទោសចំពោះការរអាក់រអួលនេះ និងសូមអរគុណចំពោះការអត់ធ្មត់ និងការយោគយល់ របស់លោកអ្នកក្នុងដំណាក់កាលដ៏សំខាន់នេះ។ ក្រុមការងារបច្ចេកទេស កំពុងធ្វើការយ៉ាង ហ្មត់ចត់ដើម្បីស្ដារសេវាកម្ម និងល្បឿនអ៊ីនធឺណិតឱ្យមានស្ថិរភាពឡើងវិញឱ្យបានឆាប់តាមដែលអាច ធ្វើបាន។ ការគាំទ្ររបស់អតិថិជនគ្រប់រូបគឺមានអត្ថន័យយ៉ាងសំខាន់ក្នុងដំណើរផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនេះ។ យើងកំពុងរួមចំណែកក្នុងការជំរុញកម្ពុជា ឱ្យកាន់តែរឹងមាំ មានឯករាជ្យភាព និងមានភាពធន់ខ្ពស់។
គួរបញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់សម្តេចថា ដើម្បីកុំឲ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចចិត្តកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា នឹងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានសមត្ថភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង៕



ដោយ ៖ ង៉ាន់ ទិត្យ