រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្រែអំពិល កំពុងអភិវឌ្ឍន៍ល្អប្រសើរ រនៅថ្ងៃសៅរ៍អាទិត្យមានភ្ញៀវទៅលេងពី៨០០ទៅ៩០០នាក់ សហគមន៍អំពាវនាវសូមជួយថែរក្សារអនាម័យក្នុងតំបន់កម្សាន្តនេះ
កំពង់ឆ្នាំង៖ ទឹកធ្លាក់ស្រែអំពិល គឺជារមណីយដ្ឋានធម្មជាតិព្រៃភ្នំ មួយកន្លែងដ៏ស្រស់ត្រកាលដែលមានទឹកជ្រោះហូរធ្លាក់ពីលើកំពូលភ្នំ និងងមានល្បាក់ថ្មជ្រោះភ្នំជាកន្លែងមុជទឹកលេងកម្សាន្ត ជាច្រើនកន្លែងដ៏ត្រជាក់ជក់ចិត្ត ទៅម្តងហើយពិតជាចង់ទៅម្តងទៀត ។
មកដល់ពេលនេះរមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល ដែលស្ថិតនៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងដែលមានចម្ងាយប្រមា ណជាង៦០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង ត្រូវបានជ្ញាធរឃុំ និងសហគមន៍ធ្វើការអភិវឌ្ឍតំបន់លេងកម្សាន្តបានយ៉ាងល្អប្រសើរ ដោយមានកញ្ចុសសំរាប់អ្គុយលេងតាមមាត់ជ្រោះបាន៣០កន្លែង និងស្ពាន៣កន្លែង ដែលនៅចុងសប្តាហ៍ ថ្ងៃសៅរ៍ អាទិត្យ មានភ្ញៀវក្នុងស្រុកទឹកលេងកម្សាន្តពី៧០០ទៅ៨០០នាក់ ។
ប្រធានសហគមន៍ ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្រែអំពិល លោក អែមជា នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ៖ សហគមន៍ទេសចរណ៍ ទឹកធ្លាក់ស្រែអំពិលបានកើតឡើងនៅឆ្នាំ ២០១៦ មានសមាជិកសហគមន៍ចំនួន៥៤៧នាក់ នៅក្នុងភូមិ៤ គឺភូមិដំណាក់អំពិល ភូមិក្តុល ភូមិអូរល្ពៅ និងភូមិដំណាក់ខ្លុង ។
ដោយឡែកកនៅក្នុងមួយរយៈពេល១ឆ្នាំចុងក្រោយនេះ ក្រោមការយកចិត្តដឹកនាំរបស់លោកមេឃុំ និងការឯភាពគ្នានៅក្នុងគណៈកម្មការសហគមន៍ សហគមន៍បានកសាងកញ្ចុសសម្រាប់អង្គុ យលេងតាមមាត់ជ្រោះ បានចំនួន៣០ ដែលក្នុងកញ្ចុសនីមួយៗ កសាងអស់ថវិកាពី១០០០ទៅ១៥០០ដុល្លារ និងស្ពានឆ្លងជ្រោះ៣កន្លែង ដោយមានការចូលរួមពីអាជ្ញាធរឃុំ និងសប្បុរសជន មានឯកឧត្តម លោកជំទាវ មួយចំនួនដែលបានមកលេងកម្សាន្ត គឺបានគាំទ្រចូលរួមជួយឧបត្ថម្ភផងដែរ ។
លោកប្រធានសហមកមន៍ ក៏បានបញ្ជាក់អោយដឹងថា៖ ថវិកាចំណូលដែលបានមកពីភ្ញៀវទេសចរណ៍ គឺ ៥%ជួយសាលាឃុំ , ៥%ជួយប៉ុស្តិ៍នគរបាលរដ្ឋបាល , ៥% ជួយមន្ត្រីបរិស្ថាន , ៣៥%ទុកកសាងតំបន់ទេសចរណ៍ និង៥០%ជួយសមាជិកសហគមន៍ ។ ដោយឡែក ចំពោះសេវាមកលេងកម្សាន្ត គឺរថយន្ត១គ្រឿង ៥០០០រៀល ម៉ូតូ១គ្រឿង ២០០០រៀល កញ្ចុសអង្គុយលេងតាមមាត់ជ្រោះ មានតម្លៃពី១ម៉ឺនរៀល ទៅ៤មឺនរៀល តាមតូចតាមធំ ។
សេវាម្ហូបអាហារវិញ មានមាត់ដុត ប្រហុកដុត ត្រីអាំង សម្លរខ្មែរគ្រប់មុខ តាមការកុំម៉ង់ ដែល១ចានៗមានតម្លៃ ពី២មឺណរៀល ទៅ៤មឺនរៀល តាមចានតូចឬធំ ចំណែកស្រាប៊ៀវិញ ១កេះ ៗលក់ថ្លៃលើសតម្លៃទីផ្សារ តែ៥ពាន់រៀល ប៉ុណ្ណោះ ។ ដោយឡែក ភ្ញៀវទេសចរណ៍ក្នុងស្រុកវិញ ប៉ុន្មានខែចុងក្រោយនេះ នៅថ្ងៃចុងសប្តាហ៍រាល់ថ្ងៃសៅរ៍ អាទិត្យ មានភ្ញៀវមកលេង ពី៧០ ទៅ៨០រថយន្ត ដែលមានចំនួនមនុស្ស ពី៧០០ទៅ៨០០នាក់ ចំណែកខុសពីថ្ងៃសៅរ៍ អាទិត្យវិញ ក៏មានភ្ញៀវមកលេង ពី១០ទៅ១៥រថយន្តផងដែរ ។
សហគមន៍ទេចរណ៍ទឹកធ្លាក់ស្រែអំពិល ក៏សូមអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេស ចរណ៍ទាំងអស់ ដែលមកលេងកំសាន្ត សូមតែជួយថែរក្សាអនាម័យនៅក្នុងតំបន់ទេសចរណ៍ ដោយត្រូវចោលសំរាមក្នុងធុងសំរាមកុំចោលក្នុងទឹកជ្រោះ ត្រូវបត់ជើងក្នុងបន្គន់អនាម័យ គឺត្រូវអនុវត្តន៍តាមតាមការនែនាំរបស់ក្រសួងទេសចរណ៍គឺ ៖ ភូមិដ្ឋានស្អាត រមណីដ្ឋានស្អាត សេវាកម្មល្អ នោះភ្ញៀវទេសចរណ៍នឹងមកលេងកម្សាន្តច្រើន ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន នឹងរុងរឿងថ្កើនថ្កាន ផុតពីភាពក្រីក្រ ៕ ដោយ ៖ សុក្ខារិន