ចំពោះរាល់សំណុំរឿងព្រហ្មទណ្ឌ ដែលកំពុងចាត់ការដោយអយ្យការ និងតុលាការ អភិបាលខេត្តស្វាយរៀង ស្នើឲ្យអនុវត្តន៍ឲ្យបានឆាប់រហ័ស ដើម្បីធ្វើការផ្ដន្ទាទោសជនល្មើសឲ្យបានឆាប់ និងផ្ដល់នូវយុត្តិធម៌ដល់ជនរងគ្រោះ
ស្វាយរៀង៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងថាចំពោះរាល់សំណុំរឿងព្រហ្មទណ្ឌ ដែលកំពុងចាត់ការដោយអយ្យការ និងតុលាការស្នើរឲ្យអនុវត្តន៍ឲ្យបានឆាប់រហ័ស ដើម្បីធ្វើការផ្ដន្ទាទោសជនល្មើសឲ្យបានឆាប់ និងផ្ដល់នូវយុត្តិធម៌ដល់ជនរងគ្រោះ។ ឯកឧត្តមអភិបាលខេត្ត ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំ ស្តីពីកិច្ចសហការអនុវត្តច្បាប់រវាងតុលាការ អយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ លើការពង្រឹងសន្តិសុខសាធារណៈ បង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នា២០២០ នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
ពិធីនេះមានការចូលរួមពីលោក លាវ ពិសិដ្ឋ អគ្គលេខាធិការរង នៃក្រសួងយុត្តិធម៌ លោកខាំ សុផារីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកឌិន សុីវុទ្ធីប្រធានសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក លោកស្រីព្រះរាជអាជ្ញារង ចៅក្រម មន្ត្រីរាជការ កងកម្លាំង និងមន្ត្រីនគរបាលយុត្តិធម៌ជាច្រើនរូបផងដែរ។
ឯកឧត្តម ម៉ែន វិបុល បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណចំពោះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើងដែលបានផ្ដល់ឱកាសដល់យើងទាំងអស់គ្នាជាមន្ត្រីអនុវត្តន៍ច្បាប់ បានសិក្សាស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ និងចំណុចប្រឈម នៃការអនុវត្តកន្លងមក ដើម្បីធ្វើការកែលម្អឲ្យកាន់តែល្អប្រសើរ បង្រួមលំហ នៃភាពចន្លោះប្រហោងលើការអនុវត្តរវាងអង្គភាពតុលាការ អយ្យការ និងនគរបាលយុត្តិធម៌ ឲ្យកាន់តែរួមតូច ដែលជាអត្ថប្រយោជន៍ដ៏ចម្បងក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ និងនីតិវិធីនៃការអនុវត្ត ។
ឯកឧត្តមបានស្នើរដល់ឲ្យគ្រប់អង្គភាពពាក់ព័ន្ធទាំងផ្នែកតុលាការ ផ្នែកអយ្យការ និងសមត្ថកិច្ចនគរបាលយុត្តិធម៌ បង្កើនកិច្ចសហការទ្វេរដងថែមទៀតនៅក្នុងការអនុវត្តច្បាប់ នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងចាប់ជនល្មើសមកផ្ដន្ទាទោសឲ្យខានតែបាន នៅពេលដែលមានបទល្មើសកើតឡើង ដែលនេះ ម្ខាងគឺក្នុងគោលដៅ ដើម្បីរក្សានូវសន្តិសុខ និងស្ថិរភាពសង្គម និងម្ខាងទៀតគឺដើម្បីបង្កើននូវទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើសមត្ថកិច្ច និងអង្គភាពតុលាការ ។
ឯកឧត្តមម៉ែន វិបុលក៏បានសូមស្នើឲ្យមានការចូលរួម និងសហការជួយគ្នាទៅវិញទៅមកបន្តទៀតលើកិច្ចនីតិវិធីក្នុងការអនុវត្តតួនាទីភារកិច្ច គឺនៅពេលមន្ត្រីមានសមត្ថកិច្ច មន្រ្តីនគរបាលយុត្តិធម៌បញ្ជូនសំណុំរឿងមានភាពខ្វះខាតចំណុចណាមួយ សូមឲ្យមន្ត្រីតុលាការជួយបំពេញបន្ថែម ដើម្បីធ្វើយ៉ាងណាឲ្យជនល្មើសអនុវត្តទោសឲ្យបាន ។
នៅក្នុងការអនុវត្តមុខងារ សូមឲ្យមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ អនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងគោរពឲ្យបានខ្ជាប់ខ្ជួនស្របតាមបទប្បញ្ញត្តិដែលមានកំណត់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដោយមិនត្រូវអនុវត្តន៍ហួសពីដែនសមត្ថកិច្ច ដែលច្បាប់កំណត់នោះឡើយ ទាំងការងារស៊ើបអង្កេតបទល្មើសជាក់ស្តែង ការងារស៊ើបអង្កេតបឋម រួមទាំងការឃាត់ខ្លួន ការបញ្ជូនខ្លួន ការចាប់ខ្លួន ការឆែកឆេរពាក់ព័ន្ធបទល្មើសជាក់ស្តែង ការឆែកឆេរបទល្មើសមិនជាក់ស្តែង ជាដើម ។ ហើយរាល់ប្រតិបត្តិការទាំងអស់របស់មន្ត្រីនគរបាលយុត្តិធម៌ គឺត្រូវរាយការណ៍ និងសុំការណែនាំសម្របសម្រួលពីព្រះរាជអាជ្ញា ។
ឯកឧត្តមអភិបាលខេត្តបានធ្វើការដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ដឹកនាំសម្របសម្រួលអនុវត្តន៍ សាលក្រមឲ្យបានល្អ និងត្រឹមត្រូវ ចៀសវាងឧក្រិដ្ឋជនដែលបានកាត់ទោសរួចហើយ ប៉ុន្តែមិនទាន់ត្រូវបានអនុវត្តន៍ទោសដាក់ពន្ធនាគារ ។ ចំពោះការបន្ធូរបន្ថយទោស ឬការលើកលែងទោស សូមឲ្យក្រុមការងារ នៃគណៈកម្មការបន្ធូបន្ថយទោសថ្នាក់ខេត្ត ពិនិត្យបច្ច័យ វាយតម្លៃ និងវិនិច្ឆ័យ ឲ្យបានច្បាស់លាស់ ដោយមិនត្រូវបញ្ចូលឈ្មោះទណ្ឌិតដែលបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរ ឬបទល្មើសប្លន់ប្រដាប់អាវុធ ទៅក្នុងបញ្ជីស្នើសុំបន្ធូរបន្ថយទោស ឬការលើកលែងទោសនោះឡើយ។
សូមបញ្ជាក់ថារយៈពេលពេញមួយព្រឹកនេះ ឃើញថាដំណើរការនៃកិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន និងមានការពិភាក្សាយ៉ាងផុលផុសទៅលើប្រធានបទសំខាន់ៗ ដែលបានគ្រោងទុក ធ្វើឲ្យកិច្ចប្រជុំប្រមូលបាននូវធាតុចូល ក៏ដូចជាមតិយោបល់ និងវិធានការ ដំណោះស្រាយគន្លឹះល្អៗ គាំទ្រដល់ការអនុវត្តច្បាប់ និងនីតិវិធីនៃការអនុវត្តការងារ ឲ្យកាន់តែល្អប្រសើរ ដែលជាចំណុចស្នូលជួយពង្រឹងកិច្ចការគ្រប់គ្រង ដឹកនាំការងារសន្តិសុខសាធារណៈ បង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅក្នុងខេត្ត ៕