កម្ពុជាស្នើឲ្យ7-Elevenប្រើប្រាស់​បុគ្គលិក​ខ្មែរ​ឱ្យ​បានច្រើន និង​ដាក់​លក់​ផលិតផលខ្មែរ​ឱ្យ​បាន ៥០%

អត្ថបទដោយ៖

ឯកអគ្គរាជទូតខ្មែរលោក អ៊ូក សោភ័ណ ប្រចាំក្រុងបាងកក ក្នុងជំនួបជាមួយអនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP ALL Plc. និងជាអគ្គនាយកក្រុមហ៊ុន CP ALL (Cambodia) Co., Ltd កាលពីថ្ងៃទី១១ ខែឧសភា បានស្នើឲ្យក្រុមហ៊ុននេះ គោរពពាក្យសន្យា ដោយប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន ៥០%។

ជាការឆ្លើយតបនឹងសំណើនេះ ប្រធានក្រុមហ៊ុន CP ALL (Cambodia) បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការអនុវត្តពាក្យសន្យាខាងលើ និងបានស្នើសុំស្ថានទូតកម្ពុជា ជួយសម្របសម្រួលផ្តល់ព័ត៌មានអំពីផលិតផលខ្មែរ ជាពិសេសអាហារកែច្នៃ និងអាហារក្រៀម ដើម្បីក្រុមហ៊ុនសិក្សា និងដាក់បញ្ចូលក្នុងបញ្ជីមុខទំនិញសម្រាប់លក់នៅក្នុងសាខាដំបូង ដែលគ្រោងនឹងបើកនៅចុងឆ្នាំនេះ។

ក្នុងជំនួបនេះ លោក អ៊ូក សោភ័ណ្ឌបានសម្តែងការអបអរចំពោះក្រុមហ៊ុន CP ALL ដែលបានទទួលសិទ្ធិធ្វើអាជីវកម្មហ្វ្រេនឆាយពីក្រុមហ៊ុន 7-Eleven Inc. នៅជប៉ុន និងសហរដ្ឋអាមេរិក។ 

សូមជម្រាបជូនថាហាងទំនិញ 7-Eleven បានចុះកិច្ចព្រមព្រៀងមួយក្នុងការអនុញ្ញាតសិទ្ធិអាជីវកម្មនៅក្នុងប្រទេសប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន CP All ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CP Group។ ហាងទំនិញទីមួយរបស់ 7-Eleven នឹងត្រូវបើកនៅក្នុងក្រុងភ្នំពេញនាឆ្នាំ២០២១ខាងមុខនេះ។ 

ក្រុមហ៊ុន CP All ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨៩ ដែលជាក្រុមបុត្រសម្ព័ន្ធរបស់CP Group សម្រាប់គ្រប់គ្រងអាជីវកម្មនៃហាង 7-Eleven។ បច្ចុប្បន្ននេះ 7-Eleven មានហាងលក់ទំនិញរបស់ខ្លួនប្រមាណ៧ម៉ឺននៅទូទាំងពិភពលោក ដែលក្នុងនោះប្រទេសថៃមានហាងទំនិញ 7-Eleven ច្រើនជាងគេ បន្ទាប់ពីប្រទេសជប៉ុន៕

ads banner
ads banner
ads banner