ករណីឆ្លង COVID-19 នៅសហរដ្ឋអាម៉េរិកកើនឡើងដល់៣លានករណី ខណៈលោក ដូណាល់ ត្រាំ ចាប់ផ្តើមដំណើរការដកខ្លួនចេញពីអង្គការ WHO
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ ចំនួនអ្នកឆ្លងជម្ងឺ COVID-19 នៅក្នុងសហរដ្ឋអាម៉េរិកកើនឡើងដល់៣លានករណី គិតត្រឹមថ្ងៃពុធម្សិលមិញ ខណៈដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមដកប្រទេសរបស់លោកចេញពីសមាជិកភាពរបស់អង្គការសុខភាពពិភពលោក WHO នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០២០ ។
បច្ចុប្បន្នសហរដ្ឋអាម៉េរិកនៅតែជាប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លាប់ដោយសារតែជម្ងឺ COVID-19 កើនឡើងដល់១៣ម៉ឺន១ពាន់នាក់ ខណៈប្រទេសប្រេស៊ីលវិញ ដែលមានប្រធានាធិបតីទើបធ្វើតេស្តវិជ្ជមានវីរុសនេះដែរនោះ មានស្លាប់កើនឡើងដល់៦ម៉ឺន៧ពាន់នាក់ ក្នុងចំណោមចំនួនអ្នកឆ្លងសរុប១.៧លានករណី ។
យ៉ាងណាមិញ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធម្សិលមិញ បាននិយាយសម្រាលអំពីហានិភ័យដែលបង្កដោយជំងឺរាតត្បាតសកល COVID-19 ហើយថែមទាំងបានជំរុញឱ្យសាលារៀនបើកដំណើរការឡើងវិញផងដែរ ៕