មន្រ្តីសុខាភិបាលជាន់ខ្ពស់អាម៉េរិកនិយាយថា ការប្រមូលផ្តុំក្នុងយុទ្ធនាការរបស់លោក ត្រាំ នៅទីក្រុងធូលសា ទំនងជាចូលរួមចំនែកដល់កំណើនចម្លង COVID-19
សហរដ្ឋអាម៉េរិក៖ មន្រ្តីសុខាភិបាលជាន់ខ្ពស់អាម៉េរិកនៅថ្ងៃពុធម្សិលមិញនេះបាននិយាយថា ការជួបជុំជាមួយអ្នកគាំទ្ររបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅឯទីក្រុងធូលសា នៃរដ្ឋ អូក្លាហូម៉ា កាលពីខែមុន ទំនងជាបានចូលរួមចំណែកដល់ការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០២០ ។
លោកវេជ្ជបណ្ឌិត Bruce Dart ដែលជានាយកផ្នែកសុខាភិបាលអាមេរិកបានបញ្ជាក់ទៀតថា ទីក្រុងធូលសា បានរាយការណ៍ពីអ្នកឆ្លងជំងឺ COVID-19 រាប់រយករណីថ្មីៗទៀតក្នុងរយៈពេល០២ថ្ងៃកន្លងមកនេះ ។ ទន្ទឹមគ្នា លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ដែរថា ត្រូវការលទ្ធផលជាច្រើនថ្ងៃបន្ថែមទៀត ដើម្បីកំណត់ថាតើការកើនឡើងនេះ ពាក់ព័ន្ធនឹងបញ្ហានេះដែរឬទេ ។
សូមបញ្ជាក់ថា កាលពីខែមុននេះ លោក ដូណាល់ ត្រាំ បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្ររបស់លោកនៅឯទីក្រុងធូលសា នៃរដ្ឋ អូក្លាហូម៉ា បើទោះបីជាអ្នកជំនាញផ្នែកសុខាភិបាលបានព្រមានពីហានីភ័យខ្ពស់ នៃការឆ្លងរីករាលដាលជំងឺ COVID-19 ជាលក្ខណៈទ្រង់ទ្រាយធំក៏ដោយ ។ នៅប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលដែលកម្មវិធីជួបជុំខាងលើបានចាប់ផ្តើម សមាជិកនៃក្រុមរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ចំនួន០៦នាក់ រួចស្រេចទៅហើយ ត្រូវបានគេរាយការណ៍ថា មានលទ្ធផលតេស្តវិជ្ជមានចំពោះ COVID-19 ៕